(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ នាពេលនេះកំពុងដាក់ពាក្យប្តឹងគ្នា ទៅវិញទៅមកបន្ទាប់ពី បែកបាក់គ្នាបែងគ្នាម្តងទៀត កាលពីខែមុន។
លោក ទុំ សម្បុរ អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានប្រាប់ Fresh News ឱ្យដឹងថា គណបក្សរបស់លោក ពេលនេះកំពុងដាក់ ពាក្យប្តឹងទៅតុលាការ នៅតាមបណ្តាខេត្ត ដើម្បីទាមទារយកអគារ និងស្នាក់ការសាខានានា ជាទ្រព្យសម្បត្តិនៃសមាជិករបស់ខ្លួន ដែលជាអតីតថ្នាក់ដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោកថា ការដាក់ពាក្យប្តឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយនឹងត្រូវ បន្តបានធ្វើឡើងនៅគ្រប់បណ្តាខេត្ត លើកលែងតែរាជធានីភ្នំពេញប៉ុណ្ណោះ។
លោក ទុំ សម្បុរ បានបញ្ជាក់ថា នៅតាមបណ្តាខេត្តមានស្នាក់ការខេត្តខ្លះ ជាទ្រព្យរបស់សមាជិកគណបក្សខ្មែររួបរួមជាតិ ហើយខេត្តខ្លះទៀត មានដីជារបស់គណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែអគារជារបស់សមាជិក គណបក្សខ្មែររួបរួមជាតិ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា នៅបណ្តាខេត្តទាំង២៤នោះ មានស្នាក់ការប៉ុន្មានដែលត្រូវជារបស់ គណបក្សខ្មែររួបរួមជាតិនោះទេ។
ដោយឡែក លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា មេធាវីរបស់គណបក្សបានប្តឹងលោក ញឹក ប៊ុនឆៃ រួចជាស្រេចរឿងដែលលោកបានចូលទៅអុកឡុក នៅស្នាក់ការរបស់គណបក្សនៅតាមបណ្តាខេត្តមួយចំនួន។ លោកថា «យើងបានប្តឹង រួចទៅហើយ មិនបាច់សួរថាហ៊ានតតាំងផ្លូវច្បាប់អីទេ គឺយើងបានប្តឹងមុនគាត់ទៅទៀត»។
លោកបានបន្ថែមថា «អាហ្នឹង ខ្ញុំមិនធ្វើការបរិយាយទេ ទុកឱ្យអ្នកច្បាប់នៅគណបក្សគេធ្វើការ ពីព្រោះគាត់ទៅបាញ់ប៉ាណូគណបក្ស ហ៊្វុនស៊ិនប៉ិច គាត់ទៅហែក ហើយគាត់ទៅអុកឡុកក្នុងគណបក្ស ទីស្នាក់ការរបស់យើងមួយចំនួន»។
លោក ញ៉េប ប៊ុនជិន បានជំរុញឱ្យលោក ញឹក ប៊ុនឆៃ យកគំរូតាមសម្តេចក្រុមព្រះ នៅពេលដែលព្រះអង្គចាកចេញពី គណបក្សកាលពី ឆ្នាំ២០០៦ ដែលព្រះអង្គពុំបានយកទ្រព្យសម្បត្តិ របស់គណបក្សហ៊្វុនប៉ិចទៅជាមួយនោះទេ។
សូមបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ម្តងទៀត បន្ទាប់ពីលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២នៃគណបក្សនេះ បានសម្រេចដើរចេញទៅបង្កើតគណបក្សថ្មីមួយឈ្មោះ «គណបក្សខ្មែររួបរួមជាតិ»។ ការបែកបាក់នេះធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ បានរួបរួមគ្នារយៈពេល១ឆ្នាំ៕