(កណ្ដាល)៖ បុរសម្នាក់កំពុងអង្គុយផឹកស៉ីជាមួយមិត្ដភ័ក្រនៅផ្ទះ ស្រាប់តែអស់សាច់ក្លែម និងស្រា ហើយក៏ជិះទៅទិញមកបន្ថែម លុះត្រឡប់មកវិញឃើញមិត្តភ័ក្រ កាប់ប្រពន្ធកូនរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ស្នងការន គរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះថា ជនដៃដល់ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួនបានហើយ និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំចាត់ការបន្តទៀត។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ ចំនួន៣នាក់រួមមាន៖ ទី១៖ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី), ទី២៖ ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី៣៖ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ ខណៈឈ្មោះ ផាន ភក្តី (ជាប្ដី និងត្រូវជាឪពុករបស់ជនរងគ្រោះ)។
ដោយឡែក ឈ្មោះ ចន សុវណ្ណចាន់តុកុល អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការងារ (ធ្វើកម្មករសំណង់) ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្រោយកាប់ជនរងគ្រោះរួច។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ចន សុវណ្ណចាន់តុកុល បានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោ ផាន ភក្តី ពេលផឹកអស់ស្រា និងសាច់ក្លែម ប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រា និងសាច់ក្លែម លុះពេលត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួន មានរងរបួសស្នាមពេញខ្លួន។
សមត្ថកិច្ចបានអះអាងថា ពេលជនសង្ស័យកំពុងផឹកស្រាជាមួយប្ដីជនរងគ្រោះ នៅក្រោមផ្ទះ ជនរងគ្រោះបានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យ នៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀ និងសាច់ក្លែមជនសង្ស័យមានឱកាស ប្រព្រឹត្តធ្វើសកម្មភាពតែម្ដង ក្រោយពីធ្វើសកម្មភាពរួចរួចជនសង្ស័យបានរត់គេចខ្លួន រួមទាំងវត្ថុតាង៕