(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ គង់ ណម ទន់ចាយ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) និងអង្ករចំនួន៥តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានសរុបចំនួន ១១១,៧៨៤ គ្រួសារ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ២៧,៣២១គ្រួសារ និងដោយសាខាចំនួន ៨៤,៤៦៣គ្រួសារ)។
ដោយឡែក ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤៧,៤៣៥គ្រួសារ រស់នៅភូមិចំនួន១,១២៤ ឃុំចំនួន៥០៧ ស្រុកចំនួន១៨៥ ក្នុងរាជធានី-ខេត្តទាំង២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៨,១៩៧គ្រួសារ និងដោយសាខាចំនួន ២៩,២៣៨គ្រួសារ)៕