(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពី «វិនិយោគថ្មីនៃប្រទេសកម្ពុជា»។
កិច្ចប្រជុំពិគ្រោះយោបលនេះធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ រៀបចំឡើងដោយមានការចូលរួមពីក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាក្រសួង និងភាគីពាក់ព័ន្ធជាច្រើនទៀត។
សេចក្ដីព្រាងច្បាប់ស្ដីពី វិនិយោគថ្មីនេះត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញ របស់ឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងប្រសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលបានរៀបចំឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើឲ្យច្បាប់វិនិយោគកម្ពុជា កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងសំដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច នៅកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិវាលកិច្ច (ក្រុម «ឃ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម «ឃ» យកមកពិភាក្សាជាមួយតំណាងផ្នែកឯកជន ដើម្បីទទួលបានធាតុចូលជាយថាហេតុ។
សូមជម្រាបថា ច្បាប់ស្ដីពីវិនិយោគនៃប្រទេសកម្ពុជា ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាលើកដំបូង នៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣៕