(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំក្រុមការងារចុះមកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាជិត៤លានរៀល មកដល់កុមារកំព្រាស្ថិតនៅក្នុងសមាគមបង្កើតឋានសួគ៍កុមារកម្ពុជារបស់ជនជាតិជប៉ុន នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងការដឹងគុណ និងរម្លឹកពីគុណូបក្ការៈដ៍ធំធេងរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានប្ដូរជីវិតយកសន្តិភាពមកវិញដែលថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃដែលកងទ័ពរណសិរ្សរំដោះជាតិកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម បានមកជួយរំដោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យរួចផុតពីរបបអាវខ្មៅប៉ុលពតដែលបានធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនទាំងអស់ទូទាំងប្រទេស។
លោកបណ្ឌិតបានបន្តទៀតថា បានគុណបុណ្យដែលគណបក្សប្រជាជនកម្ពុជាចូលមកជួយរំដោះប្រជាជន និងប្រទេសជាតិឲ្យរួចផុតពីវាលពិឃាត រហូតមកដល់សព្វថ្ងៃនេះប្រទេសជាតិមានការអភិវឌ្ឍ មានការរីកចម្រើន សេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពកាន់តែធូរធាឡើងៗ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃនៃសន្តិភាពដែលរកបានដោយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែន ,ដូច្នេះចូរទាំងអស់គ្នារួមគ្នាថែរក្សា និងការពារសន្តិភាពឲ្យបានគង់វង្ស។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១), សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកសង្គ្រោះ និងរំដោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានផ្ញើសារជូនជនរួមជាតិ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករានេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និងបានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូល បានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
សម្តេចបន្តថា ក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ ហើយកម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបួងសួងសូមឲ្យស្មារតីថ្ងៃរំដោះជាតិ ថ្ងៃ៧មករានេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
សម្តេចតេជោ ហ៊ុន បានបង្ហោះសារទាំងស្រុងយ៉ាងដូច្នេះថា «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ! នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៤២ឆ្នាំ (៧ មករា ១៩៧៩ - ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត»។
គួររំលឹកដែរថា កាលពី៤២មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ រស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃនេះ បានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹង គឺរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
ប៉ុន្តែក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។
ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕