(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញ មានអាគារខ្ពស់ៗ ប្រមាណជាង២០០០អគារ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសន្តិភាព ដែលសម្ដេចនាយករដ្ឋមន្ត្រីរកមកបានដោយលំបាកនេះ។
ការលើកឡើងបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារមណ្ឌលចត្តាឡីស័ករាធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ថ្ងៃ០៧ មករា ១៩៧៩-០៧ មករា ២០២១ មានអាយុកាល៤២ឆ្នាំហើយ។ ថ្ងៃ០៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋ កូនចៅ ជំនាន់ក្រោយទាំងអស់ ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋ ចេញពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាង អភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យ ឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យថែមទៀត ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។ សម្រាប់រាជធានីភ្នំពេញ មកដល់ពេលនេះ មានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ មានចំនួនជាង២០០០អាគារហើយ នេះបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចតេជោ។
លោក ឃួង ស្រេង បន្តថា មានការលើកឡើងនូវពាក្យមួយថា កុំឲ្យរំលឹកពីការឈឺចាប់ គឺវានាំឲ្យយើងឈឺចាប់ជាថ្មីម្ដងទៀត តែសម្រាប់ការរំលឹកថ្ងៃ ៧មករា ឆ្នាំ១៩៧៩ យើងត្រូវតែរំលឹក ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗ បានដឹងពីការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងទុក្ខសោកដោយការកាប់សម្លាប់ ជាតិសាសន៍ឯង រហូតដល់ជាង៣លាននាក់ ហើយការរំលឹកនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត៕