(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៤២ នៃថ្ងៃជ័យជម្នះ៧មករា១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ដែលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏ឃោរឃៅ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាព សម្រាប់ប្រជាជាតិទាំងមូល។ បើទោះបីជា ៧មករា ឆ្នាំ១៩៧៩ បានកន្លងផុតរយៈពេល៤២ឆ្នាំ ក៏ដោយ ប្រជាពលរដ្ឋខ្មែរ ចងចាំជានិច្ច និងចារិកទុកក្នុងដួងចិត្តជាប់ជានិច្ច សូម្បីតែយុវជនជំនាន់ក្រោយក៏បានទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ៧មករានេះផងដែរ។
នៅក្នុងឱកាសខួបលើកទី៤២ឆ្នាំ នៃថ្ងៃជ័យជម្ន ៧មករានេះ ក្នុងនាមជាមេដឹកនាំយុវជនជំនាន់ក្រោយមួយរូប លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងពីគុណបំណាច់របស់ថ្ងៃ៧មករា ជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ លោកបានលើកឡើងថា យុវជនជំនាន់ក្រោយបន្តចងចាំ និងប្ដេជ្ញាការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះ បន្តទៅថ្ងៃអនាគត។
បើតាមលោក សួន សុខុម មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា «ថ្ងៃទី៧ មករា មិនត្រឹមផ្តល់នូវជីវិតទី២ របស់ខ្មែរគ្រប់ៗរូបឱ្យរស់រានមានជីវិតតែប៉ុណ្ណោះទេ ថែមទាំងបានជួយសង្គ្រោះប្រទេសកម្ពុជាទាំងមូល ដែលស្ថិតក្រោមសំណល់ផេះផង់ឱ្យមានពន្លឺរស្មីចែងចាំងឡើងវិញ ពោលគឺប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតមានជីវភាពធូរធាជាលំដាប់ ទទួលបានការសិក្សាអប់រំពេញលេញ គោរពប្រតិបត្តិសាសនាផ្សេងៗបានគ្រប់យ៉ាង ព្រមទាំងសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។ល។ និងសមិទ្ធផលដ៏ត្រចះត្រចង់ច្រើនទៀតដែលកម្ពុជាសម្រេចបានក្រោយថ្ងៃរំដោះ ៧មករានេះ ដែលខ្មែរគ្រប់ជំនាន់ត្រូវចងចាំ និងថែរក្សាស្មារតី ៧មករា ឱ្យគង់វង្សបន្តទៅទៀត»។
ដោយឡែក លោក អឿន ភារ៉ា ជាអ្នករាយការណ៍ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ PNN ក៏បានបង្ហាញការយល់ឃើញយ៉ាងដូច្នេះថា៖ «ខ្ញុំជាយុវជនជំនាន់ក្រោយ ទោះបីជាខ្ញុំកើតមិនទាន់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលខ្ញុំបានដឹងតាមរយៈការរៀនសូត្រ និងតាមឯកសារផ្សេងៗ ខ្ញុំចាត់ទុកថា ថ្ងៃ៧មករា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់យុវជនគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនរបស់យើង ក្នុងរបបប្រល័យពូជសាសន៍»។
«អាចនិយាយបានថា ថ្ងៃនេះ ជាថ្ងៃធ្វើឱ្យកម្ពុជារួចផុតពីប្រវត្តិសាស្ត្រដ៏សែនអាក្រក់ ដែលយើងជាយុវជនជំនាន់ក្រោយ ត្រូវរក្សាអ្វីដែលយើងកំពុងមាន និងកុំធ្វើឱ្យមានកំហុសជាន់ដានចាស់នេះតទៅទៀត»។ នេះបើតាម លោកភារ៉ា ពាក់ព័ន្ធនឹងថ្ងៃជ័យជម្នះ ៧មករានេះដែរ នាយទាហានមួយរូបដែលបម្រើការងារនៅក្នុងកងយោធពលខេមរភូមិន្ទ ក៏បានបង្ហាញទស្សនៈថា «ក្នុងនាមជានាយទាហានជំនាន់ក្រោយមួយរូបថ្វីត្បិតតែមិនបានឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ កងកម្លាំងនាយទាហាន ពលទាហានទាំងអស់របស់កងយោធពលខេមរភូមិន្ទ តែងតែងចងចាំមិនអាចបំភ្លេច ផិតជាប់នៅក្នុងអារម្មណ៍នូវគុណនូបការៈរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសចេញពីរបបវាលពិឃាត ប៉ុល ពត»។
នាយទាហានរូបនេះ បានបន្តថា រូបលោកក៏ដូចជានាទាហាន ពលទាហានជំនាន់ក្រោយទាំងអស់ពិតជាគោរពស្ងប់ស្ងែង និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទិវាជ័យជម្នះ ៧មករា១៩៧៩ ដែលជាថ្ងៃកំណើតទី២ ដែលធ្វើឱ្យប្រទេសកម្ពុជា ព្រមទាំងប្រជាជនខ្មែរទាំងមូលបានស្គាល់នូវសន្តិភាព បានស្គាល់នូវសេចក្តីសុខ ការអភិវឌ្ឍរីកចម្រើនរបស់ដល់បច្ចុប្បន្ននេះ។ តាមរយៈសន្តិភាពនេះហើយ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានការរីកចម្រើនទៅមុខ និងមានមុខ មានមាត់នៅលើឆាកអន្តរជាតិ រហូតធ្វើឱ្យកម្ពុជា មានសមត្ថភាពបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យចូលរួមរក្សាសន្តិភាពនៅក្នុងប្រទេសដែលកំពុងហួងហែងដោយសារតែភ្លើងសង្គ្រាមស៊ីវិល ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិជាដើម។
នាយទាហានរូបនេះ ក៏បានរំលេចនូវសារអរគុណ ដឹងគុណសម្តេតេជោ ហ៊ុន សែន និងឥស្សរជានជាន់ខ្ពស់ផ្សេងៗទៀត ចំពោះគុណនូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃ ដែលបានដឹកនាំកងកម្លាំងប្រឆាំងរបបវាលពិឃាតឱ្យដួលរំលំ រហូតឈានទៅស្តារប្រទេសចេញពីគំនរផេះផង់ ចាប់ពីបាទដៃទទេឱ្យមានការរីកចម្រើន ន ិងមានអភិឌ្ឍទៅមុខឥតឈប់ បើទោះបីបច្ចុប្បន្ននេះ ជួបវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
កញ្ញា ឃុន សុខលៀង បម្រើការនៅក្នុងវិស័យឯកជនមួយ ក៏បានបញ្ជាក់ថា «តាមការយល់ឃើញរបស់ខ្ញុំ ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្តរបស់ប្រទេសជាថ្ងៃដែលជួយរំដោះជាតិពីការឈឺចាប់ដែលប្រៀបដូចជានរកមួយ ជាថ្ងៃដែលជួយឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីម្តងទៀត។ ការរំលឹកថ្ងៃនេះមានអត្ថន័យណាស់ព្រោះជាការរំលឹកការឈឺចាប់វេទនារបស់ប្រជាពលរដ្ឋនាពេលនោះ និងជាការក្រើនរំលឹកសង្គមរបស់យើងឱ្យសង្វាតរៀនសូត្ររកចំណេះដឹង ដើម្បីកុំឱ្យធ្លាក់ក្នុងស្ថានការណ៍បែបនេះទៀត»។
បន្ថែមពីនេះកញ្ញា ឃុន សុខលៀង បានបន្តថា ម្យ៉ាងវិញទៀត ថ្ងៃ០៧ ខែមករា ឆ្នាំ២០២១នេះ ក៏ជាការជំរុញ ឱ្យអ្នកសម័យបច្ចុប្បន្នដែលមានជីវភាពលំបាកចេះតស៊ូ ព្រោះបើប្រៀបធៀបមុនមានការរំដោះនោះ គឺជីវិតពេលនោះមានការលំបាក និងឈឺចាប់ណាស់។
ចេញទៅណាមិនឆ្ងាយពីទិវាជ័យជម្នះ ៧មករា លោក ប៉ោ គឹមហុក អ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន បានយល់ឃើញថា «ពិតណាស់ ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ខ្ញុំកើតពុំទាន់នោះទេ បែបនេះខ្ញុំពុំបានឆ្លងកាត់ផ្ទាល់ពីភាពលំបាក ភាពអត់ឃ្លាន ភាពភ័យខ្លាចពិការកាប់សម្លាប់របស់ប្រជាពលរដ្ឋ ដែលបានរស់រានមានជីវិត ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះទេ។ យ៉ាងណាមិញ ខ្ញុំមានឪពុក ម្ដាយ និងយាយដែលបានឆ្លងកាត់ ដោយពួកគាត់បានដំណាលរឿងគ្រប់យ៉ាងឱ្យដឹង ហើយខ្ញុំក៏បានដឹងពីការសិក្សារៀនសូត្រផងដែរ»។
«បើនិយាយពីសារៈសំខាន់ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ចំពោះខ្ញុំជាយុវជនសម័យបច្ចុប្បន្ន ខ្ញុំអាចនិយាយបានថា វាជាទិវាមានគុណតម្លៃដ៏ធំធេងបំផុត ព្រោះថ្ងៃ ៧មករានោះ ធ្វើឱ្យខ្ញុំកើតមករស់នៅក្នុងភាពសុខសាន្ត រស់នៅក្នុងសង្គមមានសុខសន្តិភាពមិនព្រួយបារម្ភរឿងសង្រ្គាម រស់នៅដោយមានសិទ្ធិសេរីភាពពេញលេញ រស់នៅដោយទទួលបានការអប់រំគ្រប់គ្រាន់ និងឃើញតែការអភិវឌ្ឍកំពុងបន្តទៅមុខ»។
យុវជនរូបនេះ ក៏បានគូសបញ្ជាក់ថា ហេតុដូចនេះ ក្នុងនាមជាយុវជន ជាអ្នកបន្តវេន គឺមានតួនាទីចាំបាច់បំផុត ក្នុងការរក្សានូវកេរណ៍ដំណែល ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ផ្ដល់ឱ្យជាពិសេសគឺការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ ការចូលរួមអាចធ្វើឡើងតាម រូបភាពខំប្រឹងសិក្សាឱ្យក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ រួបរួមសាមគ្គីជាតិ និងមានគំនិតស្នេហាជាតិ មិនជឿបរទេសមកបំផ្លាញជាតិខ្លួនឯង។
ស្រដៀងគ្នាជាមួយនឹងយុវជនផ្សេងៗទៀតដែរ កញ្ញា រួន ស្រីល័ក្ខ ជានិស្សិតថ្នាក់អនុបណ្ឌិត បានលើកឡើងនូវទស្សនៈថា «នៅថ្ងៃទី ០៧ មករា តាមទស្សនៈរបស់ខ្ញុំ ជាយុវជនជំនាន់ក្រោយ ថ្វីត្បិតតែកើតមិនទាន់នៅសម័យកាលនោះ ប៉ុន្តែខ្ញុំពិតជាមានមោទនភាព និងរីករាយខ្លាំងចំពោះការរំដោះជាតិខ្មែរឱ្យរួចផុតពីរបបដ៏ខ្មៅងងឹត។ នៅពេលដែលបានសិក្សាពីរបប ប៉ុល ពត កាន់តែច្បាស់ ខ្ញុំកាន់តែមានអារម្មណ៍ភ័យខ្លាចចំពោះរបបបែបកម្មុយនីសផ្តាច់ការ ដែលបានសម្លាប់ជីវិតប្រជាជនខ្មែររាប់លាននាក់»។
បន្ថែមពីនេះ កញ្ញា បានបង្ហាញអារម្មណ៍រីករាយថា ក្នុងនាមជាយុវជនជំនាន់ក្រោយពិតជាសំណាងដែលបានកើតមកនៅក្នុងសម័យកាលសន្តិភាព គ្មានសង្រ្គាម មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ទទួលបានការអប់រំ ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំឱ្យកម្ពុជាមានភាពរីកចម្រើននៅប៉ុន្មានទស្សវត្សចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាមានមុខមានមាត់ នៅលើឆាកអន្តរជាតិ។
កញ្ញាសង្ឃឹមថា នៅពេលខាងមុខកម្ពុជានឹងក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅពេលអនាគត ដោយភាពឈ្លាសវៃនៃការដឹកនាំរបស់មេដឹកនាំ ដែលមានយុទ្ធសាស្រ្តខ្លាំងពូកែ ចេះបត់បែនតាមស្ថានភាពនៃពិភពលោកបច្ចុប្បន្ននេះ។
ចំណែកលោក សុខន តារាពី ជាមន្រ្តីជំនួយការនៅរដ្ឋសភា បានបង្ហាញទស្សនៈយល់ឃើញថា «សម្រាប់ខ្ញុំ ទិវាជ័យជម្នះ ៧មករា មានន័យ២ គឺទី១៖ ជាការរំឭកដល់ការរួចផុតពីក្រញ៉ាំនៃពពួកឃាតករដ៏សាហាវយង់ឃ្នង់ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ដោយពលីកម្ម និងបូជនីយកិច្ចនៃយុទ្ធជន យុទ្ធនារីក្លាហានកាលជំនាន់នោះដែលបានងើបឡើងតស៊ូ រើបម្រះ រំដោះជាតិ និងប្រជាជនរហូតទទួលបានជោគជ័យ។ ៧ មករា ជាស្មារតី ដែលដាស់អារម្មណ៍យើងទាំងអស់គ្នាថា ទោះក្នុងស្ថានភាពលំបាក វេទនាយ៉ាងណា ក៏ដោយយើងត្រូវមានការជឿជាក់ និងក្តីសង្ឃឹមលើប្រជាជាតិខ្លួនឯង មិនរត់ទៅណា មិនបែខ្នងចំពោះមាតុភូមិខ្លួន នោះអ្វីគ្រប់យ៉ាងនឹងបានសម្រេចជោគជ័យ។
ទី២៖ ៧មករា គឺជាការដាស់តឿនក្រើនរំឭក ដល់អ្នកជំនាន់ក្រោយអំពីអតីតកាលដ៏ជូរចត់ ដែលកើតចេញពីភាពល្ងង់ខ្លៅ ភាពភ្លើតភ្លើន ជ្រួលជ្រើមមួយគ្រាតាមខ្សែញាក់ពីមជ្ឈដ្ឋានខាងក្រៅផ្តើមចេញតាំងពីការធ្វើរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ ដែលបានរុញច្រានប្រទេសជាតិធ្លាក់ក្នុងនរកអវចី ក្លាយជាវាលពិឃាត អស់ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទី២របស់យើងគ្រប់គ្នា ហើយក៏ជាមេរៀនដ៏មានសារៈសំខាន់នៃយុវជនជំនាន់ក្រោយ»។
សូមជម្រាបថា ថ្ងៃ៧ មករា ត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាផងដែរ៕