(សៀមរាប)៖ គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់ និងថ្ងៃស្មើគ្នា (សមរាត្រី) ដែលបង្កើតឱ្យមានបាតុភូតព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។
យ៉ាងណាមិញ មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនៃព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងនៅលើផ្ទាំងចម្លាក់កូរសមុទ្រទឹកដោះនៅតាមថែវប្រាសាទអង្គរវត្ត។
លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវតឹកតាងមួយចំនួននៃវេលាយប់វែងជាងថ្ងៃ ដែលសាធារណជនគួរតោងចាប់អារម្មណ៍។
ក្នុងទំនៀមនៃព្រហ្មញ្ញសាសនា វេលាយប់ គឺមានន័យថាសភាវៈអាក្រក់ដែលមានអំណាចបារមីខ្លាំងជាងសភាវៈល្អ។ តួយ៉ាង ក្នុងវេលាយប់វែងជាងថ្ងៃ ដែលកើតមានចំថ្ងៃទី២១ ខែធ្នូនោះ គឺពន្លឺនៅពេលព្រឹកបានចាំងលើរូបចម្លាក់ជាសភាវៈអាក្រក់ ធ្វើឱ្យស្រមោលនៃសសរតាមថែវប្រាសាទបាំងបិទលើចម្លាក់សំខាន់ៗ ដែលជាតួអង្គនៃសភាវៈល្អ ឬពពួកទេព។
ជាអ្នកតាមដាន និងយល់ពីសារប្រយោជន៍នៃព្រឹត្តិការណ៍ខាងលើនេះ លោក អ៉ឹម សុខរិទ្ធី បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះកើតមានទាំងនៅថែវខាងកើត នាវេលាថ្ងៃរះ និងនៅថែវខាងលិច នាវេលាពេលថ្ងៃលិច ហើយព្រឹត្តិការណ៍នេះនឹងផ្ទុយមកវិញនាថ្ងៃទី២១ ខែមិថុនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលវេលាថ្ងៃវែងជាងយប់វិញម្ដង។
អាថ៌កំបាំងដ៏អស្ចារ្យដែលសាធារណជនទូទៅមិនសូវចាប់អារម្មណ៍នេះ គឺជាចំណុចពិសេសមួយទៀតនៃប្រាសាទអង្គរវត្ត ក្រៅពីភាពថ្កុំថ្កើងនៃរចនាប័ទ្មប្រាសាទទាំងមូល។
តាមការយល់ឃើញរបស់លោក អ៉ឹម សុខរិទ្ធី ព្រឹត្តិការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ តែវាជាការគន់គូរដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់បុព្វបុរសជំនាន់នោះ ហើយបានរៀបចំត្រឹមត្រូវ មុននឹងឆ្លាក់ចម្លាក់រឿងរ៉ាវនានាតាមទីតាំងនីមួយៗ៕