(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់មន្ត្រីអនុវត្តន៍ ជាពិសេសអាជ្ញាធរឃុំសង្កាត់ ភូមិក្នុងខេត្តត្បូងឃ្មុំ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើសេវាការផ្តល់សាច់ប្រាក់ ដល់គ្រួសារក្រីក្រ ដែលមានជីវភាព ខ្វះខាត និងជួបការលំបាក កំឡុងពេលកូវីដ១៩ ឲ្យមានតម្លាភាព និងមានប្រសិទ្ធិភាព ដោយមិនប្រកាន់និន្នាការបក្សណាមួយឡើយ។
លោកថ្លែងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌ របស់គ្រួសារដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិត ឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិត ៣លាននាក់ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស។
លោក វង សូត បានបញ្ជាក់បន្ថែមទៀតថា «យើងត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួន តាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោក មួយពោលថា យើងមិនទុកនរណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយ»៕