(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងទឹកហូរធ្លាក់ពីប្រទេសថៃ នាពេលកន្លងទៅ ក្នុងខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីអង្គការសម្ព័ន្ធពិភពឥស្លាម RABITA តាមរយៈលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ពិធីចែកអំណោយជូនប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅក្នុងវិហារ ម៉ាស្ទិទ ឌើ រុសសាឡាម ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសោភ័ណ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពី លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងប្រធានមន្ទីរ រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងមន្ត្រីអមដំណើរជាច្រើនាក់។
លោក អ៊ុ រាត្រី បានលើកឡើងថា ក្រោយពីទឹកជំនន់បំផ្លាញ់ផ្ទះប្រជាពលរដ្ឋរាប់ពាន់គ្រួសារ មនុស្សស្លាប់ដោយទឹកជំនន់ជិត២០នាក់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនម៉ឺនម៉ែត្រ ស្រូវ ដំឡូង ជាច្រើនពាន់ហិចតា ត្រូវបំផ្លាញដោយជំនន់ទឹកភ្លើងត្រូវបានបានឆ្លងផុតពិតមែន ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ គឺស្បៀងត្រូវបានមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់អំណោយជាទូទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះជាទូទៅកន្លងមក មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាណាមួយឡើយ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មី នៃជំងឺកូវីដទម្រង់ថ្មី ពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺនេះ។
គួរជម្រាបថា កញ្ចប់អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម និងឃីត១កញ្ចប់ រួមមាន មី ប្រេងឆា ស្ករស អំបិល ត្រីខ សាប៊ូដុំ និងសាប៊ូលាងចាន៕