(ភ្នពេញ)៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ជាខួប ៤២ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា។ ជ័យជម្នះ៧មករា គឺជាជ័យជម្នះមួយ ដែលបានរំដោះ និងស្រោចស្រង់មកវិញនូវអាយុជីវិតជាតិ និងប្រជាពលរដ្ឋ ខ្មែរឱ្យរស់រានជាថ្មី។
គុណបំណាច់នៃថ្ងៃជ័យជម្នះ៧មករា ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតែស្ថិតស្ថេរជាអមតៈក្នុងបេះដូងពលរដ្ឋខ្មែរ ទោះបានកន្លងផុតទៅ៤២ឆ្នាំហេីយក្តី។
ខាងក្រោមនេះជាអត្ថបទកំណាព្យ ដែលតាក់តែងឡេីងដោយកុលបុត្រខ្មែរកេីតក្រោយរបបប្រល័យពូជសាសន៍ និងរស់រានដោយសុខសាន្តក្រោមម្លប់សុខសន្តិភាពនៃសង្គមបច្ចុប្បន្ន។
កំណាព្យ «អ្នកម្តាយ ៧មករា» បានគូសរំលេចពីទុក្ខលំបាកនៃរបបប្រល័យពូជសាសន៍ និងបង្ហាញពីគុណូបការៈមិនអាចកាត់ថ្លៃបាននៃជ័យជម្នះ៧មករា។
១៖ នឹកឃើញគ្រាដែលក្នុងនរក ក្លិនឆ្អាបក្លិនភក់ជាប់ជើងដៃ
កាប់គាស់ដកស្ទូងទាំងយប់ថ្ងៃ ហូបមិនពេញផ្ទៃធ្វើការច្រើន។
២៖ ឥឡូវបានចាប់ជាតិជាថ្មី នៅក្នុងបុរីដែលថ្កានថ្កើន
សាលាផ្លូវថ្នល់ក៏មានច្រើន មនុស្សម្នារក្រវើនរឿងកិច្ចការ។
៣៖ គុណម្តាយសែនធ្ងន់ដូចប្រិថពី អ្នកម្តាយ ៧មករា
ឱ្យកូនបានរស់មានជីវ៉ា មើលឃើញរដ្ឋាខេមរាដី។
៤៖ ឱឈ្មោះអ្នកម្តាយដ៏ពិរោះ កូនមិនភ្លេចសោះទោះថ្ងៃថ្មី
ចេះតែរំលងយ៉ាងណាក្តី ឈ្មោះអ្នកមានន័យជាប់ឱរា។
៥៖ កូនប្រុសកូនស្រីសូមគោរព លើកម្រាមដៃដប់ដាក់សិរសា
ធ្វើតាមឱវាទអ្នកម្តាយថា កូនសូមសច្ចារធ្វើអោយបាន ៕
រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១
ញ៉ែម វិបុល