(ពោធិ៍សាត់)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញឲ្យសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ត្រូវតែបង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី មាន សំអាន បានលើកឡើងបែបនេះ ក្នុងខណៈដែលលោកស្រី បានចូលរួមជាអធិបតី ក្នុងពិធីសន្និបាត ប្រជុំបូកសរុបការងារឆ្នាំ ២០១៥ និងលើកទិសដៅអនុវត្តឆ្នាំ ២០១៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ក្នុងនោះសម្តេចតេជោ បានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃទាំង ការងារនយោបាយ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ដោយយល់ឃើញថា ស្រ្តីកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ និង ជាត្បូងពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ កន្លងមកសម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តែងតែចូលរួមទាំងស្មារតី និងសម្ភារៈដល់បងប្អូននារី នៅគ្រប់បណ្តាក្រសូង មន្ទីរ អង្គភាពនានា ឲ្យមានតម្លៃ និង មានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព។
លោកស្រី បានសម្តែងការកោតសរសើរ ដោយស្មោះចំពោះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ពិសេសបងប្អូននារីជាភរិយាថ្នាក់ដឹកនាំ ជាអាជីវករ និងជាសមាជិកា សមាគមនារី បានចូលរួមវិភាគទានទាំងសម្ភារៈ ថវិកា និង បានដើរតួយ៉ាងសកម្មបំផុត លើកាងារមនុស្សធម៌ផ្តល់កិច្ចការគាំពារ និង ការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្រ្តីទីទ័លក្រ និង ស្ត្រីងាយរងគ្រោះ កុមារកំព្រា ទាំងក្នុងនិងក្រៅខេត្ត។
បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមសំណេះសំណាល និង ផ្តល់អនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តការងារ សមាគមនារីកាន់តែប្រសើរ និង ទទួលបានជោគជ័យ ក្នុងឆ្នាំ២០១៦នោះរួចមក លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ៖ បច្ចុប្បន្នមានស្រ្តីបម្រើការងារ លើគ្រប់វិស័យទូទាំងខេត្ត មានចំនួន៥៥៥នាក់ ពង្រីកសមាជិកថ្មីថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានចំនួន៧៨៣នាក់ និងបានប្រកាសសមាសភាព សមាជិកកិត្តិយស បានចំនួន២៥៧នាក់ និងសមាជិកសកម្ម បានចំនួន ៩១៩នាក់។
លោកស្រី ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានលើកឡើងថា សមាគមនារីបាននឹងកំពុងត្រូវបានរៀបចំបង្កើន និងពង្រីកសមាជិកថ្មី ក្នុងគោលបំណងរួមចំណែក ធ្វើឲ្យនារីនៅមូលដ្ឋាន បានយល់ដឹងអំពីសិទ្ធិ និង តួនាទីភារកិច្ចនៅក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈការមើលស្រាល ខ្វះជំនឿជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងចូលរួមឲ្យបានទូលំទូលាយ និងសម្រេចនូវផែនការទាំងឡាយ ស្របទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា៕