(ឧត្តរមានជ័យ)៖ ផ្សារអន្លង់វែងថ្មី ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការសាងសង់ហើយ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឃិន ញ៉ាណ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
លោកអភិបាលរង បានណែនាំឲ្យអ្នកវិនិយោគត្រូវសាងសង់ គោរពតាមបទដ្ឋានបច្ចេកទេស មានគុណភាពស្របតាមស្តង់ដារ និងត្រូវសហការជាមួយជំនាញពាក់ពន្ធ័។
លោក ឃិន ញ៉ាណ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត លោកពិតជាមានក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារអន្លង់វែងថ្មីឡើងវិញ ដែលមានទំហំ៩៨ម៉ែត្រ គុណ៥២ម៉ែត្រ ដែលមានអគារកម្ពស់២ជាន់ ទំហំ៥២ម៉ែត្រ គុណ២៥ម៉ែត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធខាងក្នុងបរិវេណផ្សារ សរុបការចំណាយសាងសង់អស់ថវិកា ប្រមាណជាង៤ពាន់លានរៀល។
លោក ឃិន ញ៉ាណ សូមថ្លែងអំណរគុណចំពោះមន្ត្រី អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធដែលបានចូលរួមសហការក្នុងការរៀបចំផ្សារអន្លង់វែងថ្មីឡើងវិញ។ ជាពិសេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលបានសម្រេចផ្នែកហិរញ្ញវត្ថុនៃគម្រោង ដែលជាមូលដ្ឋានអនុញ្ញាតិឲ្យទាំងអស់គ្នា អាចបើកការដ្ឋានសាងសង់ផ្សារអន្លង់វែងថ្មីនាពេលនេះ។ មួយវិញទៀតអរគុណចំពោះអ្នកវិនិយោគ ដែលបានដាក់ទុនវិនិយោគជួសជុល និងសាងសង់ផ្សារឡើងវិញ រួមចំណែកក្នុងការអភិវឌ្ឍខេត្ត ជារួមគឺជំរុញការអភិវឌ្ឍស្រុកអន្លង់វែង ជាទីតាំងប្រវត្តិសាស្ត្រ នៃការបញ្ចប់សង្រ្គាមចុងក្រោយគេ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
លោកបានថ្លែងទៀតថា ផ្សារអន្លង់វែងថ្មីបើកការដ្ឋានសាងសង់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត អជ្ញាធរស្រុក ហើយលោកក៏បានណែនាំឲ្យអ្នកវិនិយោគ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ មានគុណភាពស្របតាមស្តង់ដា និងត្រូវសហការជាមួយជំនាញពាក់ពន្ធ័។ រៀបចំអ្នកលក់ដូរធ្វើជាជំហ៊ានៗ តាមដំណាក់កាលនៃការសាងសង់ ចំពោះបងប្អូនអាជីវករទាំងអស់ត្រូវចូលរួមសហការ និងអធ្យាស្រ័យយោគយល់ក្នុងដំណាក់កាលនៃការសាងសង់នេះ។
ជាមួយគ្នានេះដែរលោក ឃិន ញ៉ាណ ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានការរីករាលដាលក្នុងសហគមន៍ ពិសេសត្រូវណែនាំបងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិ ទើបវិលមកពីក្រៅប្រទេស ត្រូវទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីចៀសវាងកុំឲ្យមានការពាក់ព័ន្ធដល់ខ្លួន សមាជិកគ្រួសារ និងអ្នកដ៍ទៃនៅក្នុងសហគមន៍ទាំងមូលផងដែរ៕