(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរស្រុក-ក្រុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនានា ដែលនៅមានសេសសល់ក្នុងភូមិសាស្រ្តខេត្តកណ្ដាល បន្តចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឲ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព។
លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការចំណុះសាលាខេត្ត កាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយអភិបាលខេត្តបានរំលឹកថា មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបន្តការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥវិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាមន្ត្រីត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:ការអនុវត្តនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕