(ភ្នំពេញ)៖ ក្នុងថ្ងៃដ៏មហានក្ខត្តឫក្ស ពោរពេញដោយក្តីសោមនស្សរីករាយ នៃទិវាខួបអនុស្សាវរីយ៍លើកទី៤២ នៃជ័យជម្នះ ៧ មករា ១៩៧៩
ដែលជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមអបអរសាទរ ប្រកបដោយស្មារតី មោទនភាពជាតិដ៏ខ្ពង់ខ្ពស់ និងសូមឱ្យស្មារតី ៧ មករា នៅដក់ជាប់ស្ថិតស្ថេរក្នុងមនសិការ របស់ប្រជាជនកម្ពុជាជានិច្ចនិរន្តន៍តរៀងទៅ។
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានខ្លឹមសារយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាតែងចងចាំជានិច្ចគ្រប់ពេលវេលា មិនអាចបំភ្លេចបាន និងសូមចារិកទុកចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសអ្នកស្នេហាជាតិ ដែលបានចូលរួមបូជាអាយុជីវិត កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីរំដោះជាតិមាតុភូមិ ប្រជាជន ដែលកំពុងលិចលង់ក្នុងរបបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង បាត់អស់សូម្បីសិទ្ធិរស់រានមានជីវិត។
ក្នុងកាលៈទេសៈនោះបុព្វការីជនអ្នកស្នេហាជាតិជាច្រើនរូប បានរួបរួមគ្នាក្រោកឡើងតស៊ូ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនជាតិ
ដទៃទៀត បានលះបង់ភាពជាយុវវ័យ បូជាឈាមស្រស់សាច់ស្រស់ ប្រថុយប្រថានអាយុជីវិតដឹកនាំការតស៊ូរំដោះជាតិឱ្យរួចផុតពីទុក្ខវេទនា នៅថ្ងៃ ៧ មករា ១៩៧៩ និងបាននាំមកជូនវិញនូវសិទ្ធិសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ និងចាប់ផ្តើមកសាងសេដ្ឋកិច្ច-សង្គមឡើងវិញពីចំណុចសូន្យ រហូតមានការរីកចម្រើនដ៏ខ្លាំងក្លាដូចបច្ចុប្បន្ននេះ»។
«ជាងនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានពុះពារជម្នះរាល់ឧបសគ្គដ៏លំបាកជាច្រើនស្វែងរកសន្តិភាពពិតប្រាកដក្នុងការបង្រួបបង្រួមជាតិ តាមរយៈគោលនយោបាយឈ្នះ ឈ្នះៗ នាំមកនូវសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ ព្រមទាំងលើកស្ទួយកិត្តិនាម និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាឱ្យខ្ពស់ត្រដែតឡើង និងទទួលស្គាល់លើឆាកអន្តរជាតិ»។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារព្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឥស្សរជនជាតិទាំងអស់ សូមជួបប្រទះនូវសុភមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕