Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងសម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំរកាកោងទី១ និងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល

07-01-2021 09:09

(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ជាតំណាងសម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសហការី បានចុះពិនិត្យមើលដំណើរការសាងសង់របង និងសាលាបុណ្យនៅឃុំរកាកោងទី១ និងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រៅពីការចុះត្រួតពិនិត្យនេះ ក៏មានការរៀបចំពិធីក្រុងពាលី បើកព្រះនេត្រព្រះពុទ្ធបដិមា សុំសេចក្តីសុខ ជូនប្រជាជននិងថ្នាក់ដឹកនាំប្រទេសជាតិ សូមឲ្យរួចចាកផុតពីគ្រោះកាចចង្រៃ និងជាពិសេសជៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩ និងដើម្បីអបអរសាទរខួបលើកទី៤២ ទិវាជ័យជំនះ ០៧មករា ឆ្នាំ២០២១។

កន្លងមក លោក ហាស់ វ៉ារី បានចំណាយប្រាក់៥៥លានរៀល ទិញដីទំហំ ១២០អា នៅភូមិស្ពានថ្មី តាមសំណូមពររបស់ប្រជាពលរដ្ឋ ឃុំរកាកោងទី១និងទី២ទុកធ្វើជាទីបញ្ចុះសព ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផងដែរ។ រហូតមកដល់ពេលនេះ លោកក៏បានកសាងរបង និងសាលាបុណ្យ នៅក្នុងបរិវេណដីនោះ ទុកជាទីសក្ការ: ជូនបងប្អូន ក្នុងមូលដ្ឋានទៀតផង។

ជានិច្ចកាល សម្តេចតេជោហ៊ុន សែន បានចាត់ឲ្យ លោក ហាស់ វ៉ារី ចុះជួយដោះស្រាយរាល់បញ្ហា ខ្វះខាតរបស់ប្រជាជន នៅឃុំរកាកោងទី១ និងទី២ ជាប់ជាប្រចាំ។

ជាមួយគ្នានោះដែរ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ ខួបលើកទី៤២ ទិវាជ័យជំនះ ០៧មករា ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធធ្វើឡើង ដើម្បីរំលឹកដឹងគុណណូបការៈកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានធ្វើកាពលីជីវិតសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកនូវសន្តិភាព សេរីភាព ជូនជាតិមាតុភូមិ។

ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរួចផុតពីចង្កូមមច្ចុរាជនៃរបបកម្ពុជាប្រជាធិបតេយ្យ របបដឹកនាំដោយក្រុមប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនឃោរឃៅបំផុត ក្រោមការតស៊ូប្តូរជីវិតពីសម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនស្នេហាជាតិជាច្រើនទៀត៕