(ភ្នំពេញ)៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ គឺជាខួប ៤២ឆ្នាំ នៃការរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបវាល ពិឃាដ ដែលបានសម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែល មិនធ្លាប់មាននៅលើពិភពលោក។ ថ្ងៃនេះកាលពី៤២ឆ្នាំមុន ជាពេលដែលសម្ដេចតេជោ ហ៊ុន សែន រួមជា មួយវីរៈជនខ្មែរជាច្រើនផ្សេងទៀតបានបូជាសាច់ស្រស់ ឈាមស្រស់ វាយរំដោះប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសឲ្យស្គាល់ពន្លឺសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។
បើយើងត្រឡប់ទៅមើលរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជាការចងចាំដ៏រន្ធត់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបនេះ ហើយមានសំណាងអាចនៅរស់រានមានជីវិតដល់បច្ចុប្បន្ននោះ។ លោក ម៉ៅ ប៊ុនថា បច្ចុប្បន្ននេះមានវ័យ ៦២ឆ្នាំ ជាពលរដ្ឋខ្មែរមួយរូប ដែលបានរងទារុណកម្ម និងភាពខ្លោចផ្សារដូច ពលរដ្ឋខ្មែរដទៃទៀតដែរ ព្រោះតែរបបខ្មែរក្រហម។
នៅមុនខ្មែរក្រហមកាន់កាប់ប្រទេស លោក គឺជាអ្នកសិក្សាមួយរូប ដែលមានឪពុកម្ដាយជាកសិកររស់នៅ តំបន់ជ្រោយចង្វាររាជធានីភ្នំពេញ។ ពេលនោះលោកមានវ័យប្រមាណ ១៧ឆ្នាំ។
នៅពេលខ្មែរក្រហមបានវាយដល់ទីក្រុងភ្នំពេញ លោក ប៊ុនថា ព្រមទាំងក្រុមគ្រួសារជាង ១០នាក់ ត្រូវបាន ខ្មែរក្រហមជម្លៀសឲ្យទៅកាន់ខេត្តបាត់ដំបង។ នៅទីនោះក្នុងនាមក្រុមប្រជាជនថ្មី ឬ ខ្មែរក្រហម ហៅម្យ៉ាង ទៀតថា «ពួក១៧មេសា» ក្រុមគ្រួសាររបស់លោកត្រូវបានគេដាក់ឲ្យនៅបែកគ្នាទាំងអស់ ហើយរូបលោក ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត។
ទៅដល់ដែនដីថ្មីបាន១ថ្ងៃ យុវជន ប៊ុនថា និងយុវជនមកពីរាជធានីភ្នំពេញដទៃទៀត ត្រូវបានឈ្លបខ្មែរ ក្រហមហៅមកសួរនាំពីការងារ និងមុខរបររបស់ពួកគេនៅរាជធានីភ្នំពេញ។
លោក ម៉ៅ ប៊ុនថា រៀបរាប់យ៉ាងដូច្នេះថា «ការពីចេញពីភ្នំពេញពីថ្ងៃទី១៩ ខែមេសា ខ្ញុំបាទជានិស្សិតនៅសាលា ចំណេះដឹងទូទៅភាសាបារាំងនៅរាជធានីភ្នំពេញ កាលណោះគឺមិត្តភក្តិដែលរួមដំណើរជាមួយខ្ញុំទៅដល់ស្រុក មោងឬស្សីនេះឯង គឺពួកវាសួររកតែម្ដងថាតើនរណាជានិស្សិត?នរណាជាអ្នករៀនចេះដឹង? នៅក្នុងនោះមានមិត្ត ភក្តិខ្ញុំ ចំនួន៥នាក់ដែលគាត់ឆ្លើយ។ ជាអកុសលឆ្លើយបានតែមួយថ្ងៃ គឺពួកហ្នឹងយកមិត្តភក្តិខ្ញុំ៤នាក់ ទៅសម្លាប់ ចោល។ ពេលនោះអាចថា ជាភព្វសំណាងរបស់ខ្ញុំដែរ ដែលត្រូវសួរចុងក្រោយគេហើយត្រូវបានពួកកម្មាភិបាល ប៉ុលពតម្នាក់ខ្សឹបប្រាប់ថាកុំឲ្យឆ្លើយ។ បានជាខ្ញុំនៅពេលនោះអាចនៅរស់រានមានជីវិតបន្តទៅធ្វើជាកងចល័ត នៅឃុំក្បាលក្របី នៅស្រុកមោងឬស្សីនេះឯង»។
រស់នៅក្នុងកងចល័ត លោក ប៊ុនថា ដែលធ្លាប់តែកាន់សៀវភៅ ប៊ិចរៀនសូត្រនោះ ត្រូវខ្មែរក្រហមឲ្យធ្វើការជាច្រើន ដូចជាកាប់គាស់ភ្ជួររាស់ដីស្រែស្ទូងច្រូតកាត់ និងការងារផ្សេងៗជាច្រើនទៀត តាមតែការបញ្ជារបស់កម្មាភិបាល ខ្មែរក្រហម។ រស់នៅក្នុងឋានៈដែលខ្មែរក្រហមដាក់ឲ្យជាពួក១៧មេសា ការហូបចុករបស់លោក ត្រូវបានបែងចែក ទៅតាមខែ ពោលគឺមានខែអាចហូបបាយ មានខែត្រូវហូបបបរធម្មតា និងត្រូវមានខែហូបបបររាវ ដោយមួយអង្ករ កំប៉ុងត្រូវបបរហូបគ្នាចំនួន១០នាក់ក៏មាន។
លោក ម៉ៅ ប៊ុនថា បន្ថែមយ៉ាងដូច្នេះ «នៅក្នុងអំឡុងពេលនៃការធ្វើទារុណ្ឌកម្មនេះ នៅក្នុងមួយថ្ងៃគឺយើងធ្វើ ពលកម្ម៣ដង ពេលព្រឹកម្ដង ពេលរសៀលម្ដង និងពេលយប់ម្ដង។ ហើយរបបហូបចុកគឺមានតែ២ពេលទេ សម្រាប់ការដែលហូបបាយគឺពីខែ២ ដល់ខែ៥ បានរបបបាយ ពីខែ៦ ដល់ខែ៨ជារបបបររាងខាប់ ហើយចាប់ពី ខែ៨ ដល់ខែ៩ គឺជាបបររាវ ដែលពួកវាឲ្យហូបក្នុងមួយកំប៉ុងគ្នា១០នាក់។
ស្ថិតនៅក្នុងកងយុវជន ដែលត្រូវធ្វើការច្រើន ហូបមិនគ្រប់គ្រាន់រហូតដល់បាក់កម្លាំងជិតស្លាប់យុវជន ប៊ុនថា ព្រម ជាមួយយុវជនទ្រុឌទ្រោមដទៃទៀតចំនួន១៧នាក់ ត្រូវបានពួកខ្មែរក្រហមយកទៅបំបោះបង់ចោលនៅលើទួល មួយរង់ចាំសេចក្ដីស្លាប់។
លោក ម៉ៅ ប៊ុនថា បន្ថែមយ៉ាងដូច្នេះ «ហើយក៏បានបាក់កម្លាំងហើយយត្រូវបានគេជម្លៀស ឲ្យទៅនៅទួលស្ដុក ឃ្លោកមួយដែលជាទីទួលដាច់សង្វែងដែលគេយកតែអ្នកបាក់កម្លាំងទេ យុវជន យុវនារី ដែលទីទួលស្ដុកឃ្លោក ហ្នឹង គឺដូចជាគេបំបោះបង់ចោលតែម្ដង។ ឲ្យយើងទៅរស់នៅរបៀបមិច បានរបៀហ្នឹងនេះនៅក្នុងស្រុកដូចទ្រី។ ពេលដែលរស់ទៅបានជាយើងចេះច្នៃប្រឌិត ចេះទាក់សត្វ ចេះធ្វើសន្ទូចទៅយើងក៏បានរស់»។
ពេលចិតស្លាប់លោកត្រូវបានគេយកមកបោះបង់ចោលឲ្យរង់ចាំថ្ងៃស្លាប់ដោយខ្លួនឯង តែក្រោយពេលលោកបាន ព្យាយាមចិញ្ចឹមខ្លួនឯងឲ្យរស់ឡើងវិញ លោកត្រូវបានខ្មែរក្រហមចាប់ឲ្យមកនេសាទនៅដងទន្លេសាប ដើម្បីផ្គត់ ផ្គង់ចំណីអាហារដល់ពួកកម្មាភិបាលវិញ។ ក្រោយត្រឡប់មកវិញនេះហើយ ជាពេលដែលលោកបានឃើញឪពុក របស់ខ្លួន ត្រូវស្លាប់ដោយភាពស្រេកឃ្លាននៅចំពោះមុខ យ៉ាងរន្ធត់។
លោក ម៉ៅ ប៊ុនថា រំលឹករឿងរ៉ាវដ៏ជូរចត់យ៉ាងដូច្នេះ «ពេលនឹកឃើញខ្ញុំមានការឈឺចាប់ណាស់ ឪពុកខ្ញុំនេះ គឺស្លាប់នៅពេលដែលខ្ញុំភ្ជួររាល់នៅក្បាលក្របី ខ្ញុំទៅចាប់ត្រីក្រាញ់ ត្រីផ្ទក់រត់មកពេលដែលឪពុកដង្ហើយហៅថា គាត់ឃ្លានមុនពេលស្លាប់។ ពួកអាពត វាមិនឲ្យយើងមកដាំស្លរអីបានទេ គឺត្រូវលួចជីករណ្ដៅក្នុងដី ហើយយកសំរាមមកគ្របពីលើដើម្បីការពារកុំឲ្យចេញផ្សែង។ ហើយនៅពេលត្រីដុតក្នុងផ្នក់ឆ្អិនបានប្រហែលពាក់កណ្ដាល ខ្ញុំរត់ចេញទៅមើលផ្លូវខ្លាចពួកឈ្លបខ្មែរក្រហមមកទាន់ត្រឡប់មកវិញ ពុកខ្ញុំយកត្រីក្រាញ់មកដាក់ក្នុងមាត់ ហើយក៏ស្លាប់ទៅ»។
ក្រោយឪពុកស្លាប់ លោក បានលួចយកសពឪពុកទៅជីកកប់ក្នុងរណ្ដៅជម្រៅកន្លះម៉ែត្រមួយដោយឡែកក្បែរណ្ដៅ សពរួមមនុស្សជាច្រើន។ តែប្រហែលជាកប់រាក់ពេកទើបមកដល់ពេលបច្ចុប្បន្ននេះ លោកបានទៅរកកន្លែងកប់ សពនោះមិនឃើញធាតុរបស់ឪពុកលោកឡើយ។ ចំណែកឯជីវិតរបស់យុវជនក្នុងរបបប៉ុលពតនេះ ក្រោយពេល ដែល ឪពុកស្លាប់លោកបានទៅធ្វើការប្រៀបដូចជាទាសករដល់ខ្មែរក្រហមបន្តទៀត។ រហូតដល់ថ្ងៃមួយលោក បានលួចរត់ចេញពីរបបគុកឥតជញ្ជាំង ដើម្បីគេចវេសពីការបង្ខំឲ្យរៀបការ។
ទោះខំរត់ចេញពីកងចល័តមួយទៅកងចល័តមួយដើម្បីគេចពីការបង្ខំឲ្យរៀបការក្ដី លោកនៅតែមិនអាចគេចផុត ពីរបបវាលពិឃាដ ដែលប្រៀបដូចជាគុកឥតជញ្ជាំងនេះដដែល។ ក្រោយត្រូវពួកខ្មែរក្រហមចាប់ខ្លួនបាន លោក ត្រូវបានគេចាប់ធ្វើទារុណ្ឌកម្ម ដាក់ខ្នោះដៃ ខ្នោះជើង បង្អត់អាហារ រហូតឡើងក្លាយជាដំបៅស្អុយរលួយ និងមាន ដង្កូវចោះថែមទៀតផង។ តែយ៉ាងណាលោកអាចរស់បាន ក្រោយពីមានការសង្រ្គោះពីកងទ័ពរណសិរ្សចូលមក រំដោះ។
លោក ម៉ៅ ប៊ុនថា រំលឹកដូច្នេះ «ដោយគុណបុណ្យលោកឪពុក អ្នកម្ដាយ និងកុសលផលបុណ្យខ្ញុំនៅមាន ទើបមានថ្ងៃមួយនោះមានកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា និងកងទ័ពវៀតណាម បានរំដោះពួកខ្ញុំពីឃ្លាំងនៅ ស្រុកគាស់ក្រឡហ្នឹង។ ដោយយកបេបាញ់បំបែក ហើយបានរំដោះពួកខ្ញុំដែលនៅសល់គ្នាជាង ២០០នាក់ នៅ ក្នុងគុកហ្នឹងបានរស់រានមានជីវិត។ នៅពេលនោះខ្ញុំសូមជម្រាបជូនពីភាពអនិច្ចាដោយសារសេចក្ដីស្រេកឃ្លាន ព្រោះជាប់គុក យើងជាប់ច្រវាក់ដំបៅអស់ ដៃត្រូវគេចងទៅខាងក្រោយ ត្រចៀកខ្ញុំម្ខាងសព្វថ្ងៃនេះ គឺនៅហឹងនៅ ឡើយទេ។ ព្រោះនៅពេលវាធ្វើទារុណ្ឌកម្មអត់អាហារ ដេកនៅផ្ទាល់ឥដ្ឋ ក៏មានដង្កូវចូលត្រចៀក ដែលធ្វើឲ្យ ត្រចៀកខ្ញុំសព្វថ្ងៃនេះតែប៉ះមិនស្រួលគឺហឹងតែម្ដង។
ហើយក្រោយពេលចេញពីគុកគាស់ក្រឡហ្នឹងមក ក៏នាំគ្នាចេញពីគុកវាយដណ្ដើមគ្នាទៅយកអាហារ ដែលពួកវា រត់ចោល យើងទៅដណ្ដើមអង្ករគ្នាយកមកដាំបាយ។ អនិច្ចាណាស់គ្រាន់តែចេញពីគុកគ្នាជាង ២០០នាក់ស្លាប់ អស់ប្រហែល៥០ភាគយ។ ដោយសារតែដណ្ដើមអង្ករត្រីងៀតគ្នា យកមកដាំហូប។ ហើយការដាំនោះគឺយកមួក ដែកទាហានអាមេរិកកាំង យកមកលាងដាំបាយហូប បាយមិនទាន់ឆ្អិតស្រួលបួលផង បំណាច់តែឃ្លានពេក ក៏ហូបបាយទាំងឆៅ។ ដោយភាពស្រែកឃ្លានហូបបាយរហូតដល់ហល់ អ្នកខ្លះហល់បាយរហូតដល់ស្លាប់ក៏ មាន។ ចំណែកខ្ញុំក៏ហល់ដែរ តែពេលឃើញគេហូបស្រស់ៗចឹងទៅខ្ញុំក៏ព្យាយាមទប់ទើបនៅរស់។ ហើយ៧ថ្ងៃ ក្រោយមក ខ្ញុំបានទៅគាស់ក្រឡ ហើយបន្តមកមោងឬស្សី ហើយទៅស្រុកដូនទ្រី និងទៅភូមិថ្មីដើម្បីទៅជួប គ្រួសារ។ ពេលទៅដល់ភូមិ គ្រួសាររបស់ខ្ញុំដែលមានគ្នា១៨នាក់ បានស្លាប់អស់ចំនួន៩នាក់»។
ក្នុងនាមជាអ្នកដែលនៅរស់រានមានជីវិត ហើយឆ្លងកាត់របបដឹកនាំរហូតដល់ទៅ៤សម័យកាល លោក ម៉ៅ ប៊ុនថា បានផ្ដាំទៅកាន់យុវជនជំនាន់ក្រោយឲ្យថែរក្សាសន្តិភាព ព្រោះបើគ្មានសន្តិភាព ប្រទេសជាតិមិនអាចមានការអភិវឌ្ឍបានទេ។
លោក ម៉ៅ ប៊ុនថា រៀបរាប់ដូច្នេះ «ឥលូវនេះខ្ញុំបាទគឺមានអាយុ៦៤ឆ្នាំហើយ ខ្ញុំបានឆ្លងកាត់បាន៤របប ខ្ញុំដឹងថា របបណាគាត់ធ្វើអី របបណាគាត់ធ្វើរបៀបមិច។ របបសម័យសង្គមរាស្រ្តនិយមខ្ញុំនៅកុមារមានការរីកចម្រើន ដែល ខ្ញុំបានដឹងខ្លះ បន្ទាប់មករបបសាធារណរដ្ឋដែលដឹកនាំដោយសេនាប្រមុខ លន់ នុល គិតតែចាប់ទាហាន បាញ់ បោះគ្នា គឺរកសេចក្ដីសុខក្សេមក្សាន្តមិនរួច ការរៀនមិនបានរៀនគិតតែពីធ្វើបាតុកម្ម។ មកដល់សម័យប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺប្រើទារុណ្ឌកម្ម គឺវាឲ្យមានតែវណ្ណៈមួយតែម្ដង បំបាត់សាសនា បំបាត់សាលារៀន វត្តអារាម បំបែកក្រុមគ្រួសារ។ ខ្ញុំគិតថាមានតែរបបយើងនេះទេ សូមផ្ដាំផ្ញើប្អូនៗ មានតែគណបក្សប្រជាជន កម្ពុជា ទេ ដែលបានរំដោះជិវិតយើង ឲ្យមានរហូតដល់សព្វថ្ងៃ»។
រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងរបបវាលពិឃាដ ប៉ុល ពត បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ៣លាននាក់ ដោយស្ទើតែគ្មានគ្រួសារខ្មែរមួយគ្រួសារណា ដែលមិនបានបាត់បង់សាច់ញាតិដោយសារតែរបបនេះឡើយ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលដឹកនាំរំដោះដោយសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធជនខ្មែរជាច្រើនទៀត ទោះធ្វើឲ្យកម្ពុជាបានស្គាល់នូវភាពរីកចម្រើន ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃលើឆាកអន្តរជាតិ យុវជន យុវនារី មានសិទ្ធិពេញលេញក្នុងការរៀនសូត្រ និងជ្រើសរើសអ្វីដែលខ្លួនស្រលាញ់ ពេញចិត្ត។ នេះហើយតម្លៃនៃសន្តិភាព បើគ្មានសន្តិភាព កុំថាឡើយសិទ្ធិបន្ទាប់បន្សំដទៃទៀត សូម្បីតែសិទ្ធិក្នុងការរស់រៀនមានជីវិតក៏ពិបាកនិងទទួលបានដែរ៕