(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញពលករខ្មែរ ចំនួន២នាក់ថែមទៀត ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងក៏បានប្រកាសថា មិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩នេះទេ។

ពលករខ្មែរដែលឆ្លងកូវីដ១៩ថ្មីនេះរួមមាន៖

១៖ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

២៖ បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៣នាក់៕