(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្ដព្រះសីហនុ ដោយលោក ខាន់ រ៉ាត់ ជាប្រធាន បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាចុះត្រួតពិនិត្យ មន្រ្តីជំនាញបានត្រួតពិនិត្យលើ ផលិតផលម្ហូបអារហារ វេចខ្ចប់ស្រាប់ និង ដកយកគំរូម្ហូបអាហារ មួយចំនួនមកធ្វើតេស្ត បឋមរួមមាន ៖ បង្គារ មឹក ពពុះសណ្តែក ដើម្បីរកសារធាតុគីមីហាមឃាត់ដាច់ខាត ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងបានចុះផ្សព្វផ្សាយច្បាប់ បិទ Flyer ពន្យល់ពីការស្កែន QR Code ដើម្បីឲ្យបានយល់ដឹង ពីការប្រកបរបរអាជីវកម្មប្រេងឥន្ធនៈ និងតាមដានតម្លៃលក់រាយ តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈក្នុងស្រុកព្រៃនប់។
មន្រ្តីដដែល បានបន្តទៀតថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ ការដាក់តាំងលក់ផលិត ម្ហូបអាហារ វេចខ្ចប់ស្រាប់ ដែលខូចគុណភាព ហួសកាលបរិច្ឆេទ និងពុំមានម្ហូបអាហារ ដែលប្រើប្រាស់សារធាតុគីមីនោះទេ និងបានចែក poster ស្តីពីការដាក់តាំងលក់ និងជ្រើសរើសម្ហូបអាហារ មកប្រើប្រាស់ ឬបរិភោគ ដល់អាជីករបានចំនួន១០ផ្ទាំង ដើម្បីឲ្យយល់ដឹង ពីទំនិញខូចគុណភាព និងស្ថានីយ៍លក់ប្រេងឥន្ធនៈចំនួន ៦ស្ថានីយ៍ លក់រាយក្នុងតម្លៃក្រោមប្រកាស របស់ក្រសួង និងរបៀបការដាក់តាំងលក់ ឲ្យមានអនាម័យសុវត្ថិភាព។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករក្នុងផ្សារ និងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់កិច្ចការពារអ្នកប្រើប្រាស់៕