(កំពត)៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែង ខណៈបើកបរម៉ូតូម្នាក់ឯង បុករថយន្តដឹកកូនឈើ១គ្រឿង ដែលបែកកង់ឈប់នឹង
កន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីម៉ោង៦៖៥៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ ចំណុចគីឡូម៉ែត្រលេខ៥៣ លើកំណាត់ផ្លូវជាតិលេខ៤១ (ផ្លូវជាតិលេខ៣ចេញទៅផ្លូវជាតិលេខ៤) ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព fresh news ថា ជនរងគ្រោះបើកម៉ូតូ ឈ្មោះស ខុម អាយុ៣៦ឆ្នាំ រស់នៅភូមិតាមុច ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ជនរងគ្រោះ បានបើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1B-2392 ម៉ូតូខូចខាតធ្ងន់។ ចំណែកអ្នកបើករថយន្តបង្ក មិនទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ក្រោយកើតហេតុភ្លាម។ រថយន្តបង្កម៉ាក់ ហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែ3A-1292។

មន្ត្រីនគរបាលដដែល បន្តថា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគូថ រថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង ខណៈរថយន្តដឹកឈើបង្ក បានបែកកង់ កំពុង
ឈប់ចតនៅខាងផ្លូវ ដោយមិនបានដាក់ផ្លាកសញ្ញាឈប់ចតអ្វីទាំងអស់នោះទេ។

ក្រោយហេតុការណ៍ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលដឹកយនទៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងនគរបាល នាំយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកជុំគីរី ដើម្បីដោះស្រាយ
និងចាត់ការតាមផ្លូវច្បាប់៕