(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ របស់កម្ពុជា និងលោក ស៊ុ វ៉ះផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ របស់ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ លុបបំបាត់ជំងឺកូវីដ-១៩ ឆ្លងដែន និងបញ្ហាមួយចំនួនទៀត។
ការប្តេជ្ញាចិត្តរបស់អភិបាលខេត្តជាប់ព្រំដែន នៃប្រទេសទាំង២នេះ បានធ្វើឡើងក្នុងឱកាស ដែលលោកអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារនិងសមត្ថកិច្ចពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយលោកអភិបាលខេត្តសុរិន្ទ របស់ថៃ នាបរិវេណមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ឆងចម នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ។
កិច្ចពិភាក្សានេះភាគីកម្ពុជា និងភាគីថៃ បានឯកភាពបន្តរួមសហការគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន និងបន្តសហការសម្របសម្រួលដល់ការឆ្លងដែនចេញចូលការដឹកទំនិញមានលក្ខណៈពាណិជ្ជកម្ម និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃប្រទេសទាំងពីរ (ប្រគល់ឱ្យសមត្ថកិច្ចគយប្រចាំតំបន់ច្រកបន្តមុខការ)។
ជាមួយគ្នានោះ ភាគីទាំង២ ថែមទាំងបានបន្តរួមគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាបទល្មើសឆ្លងដែននានា និងបន្តទំនាក់ទំនង ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ៕