(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោត នៃសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ស៊ុន លាងចេង បានរៀបចំកម្មវិធី បោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី សម្រាប់អាណត្ដិទី៤ ឆ្នាំសិក្សា២០២១-២០២២ តាមប្រព័ន្ធ Online (Zoom) នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។
ដោយលទ្ធផលទទួលបាន៖
* លោក អ៊ុ លឹមហួរ ទទួលសម្លេងគាំទ្រចំនួន ៨៤.៤% ជាប្រធានសមាគមនិស្សិត
* លោក ម៉ូវ សិទ្ធានី ទទួលបានសម្លេងគាំទ្រចំនួន ៩.៤% ជាអនុប្រធានសមាគម
* កញ្ញា ធួន ស្រីល័ក្ខ ទទួលបានសម្លេងគាំទ្រចំនួន ៦.២% ជាអនុប្រធានសមាគម សម្រាប់អាណត្តិទី៤។
ការបោះឆ្នោះជ្រើសរើស ប្រធានសមាគមអាណត្តិថ្មីនេះ មានការចូលរួមបោះឆ្នោត ពីប្រធានកិត្តិយសសមាគម ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងនិស្សិតកម្ពុជា ប្រចាំខេត្តក្រុងទាំង២៣ នៃប្រទេសចិន។
លោក ណុប វាសនា ប្រធានសមាគម ក្នុងអាណត្តិទី៣ បញ្ជាក់ថា បច្ចុប្បន្នភាពនិស្សិតកម្ពុជាកំពុងសិក្សា នៅប្រទេសចិន គឺមាននិស្សិតដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៩-២០២០នេះ មាន ២៩៦នាក់ (នារី១០៧នាក់) រួមមាន ថ្នាក់ក្រោយបណ្ឌិត១នាក់ ថ្នាក់បណ្ឌិត ១២នាក់ ថ្នាក់អនុបណ្ឌិត ១០៣នាក់ ថ្នាក់បរិញ្ញាបត្រ ១១០នាក់ ថ្នាក់បរិញ្ញាបត្ររង ១៤នាក់ ថ្នាក់ភាសាចិន ១៤នាក់។
សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២០១ គឺមាននិស្សិតថ្មីចំនួន ១៥៥នាក់ រួមមានថ្នាក់បណ្ឌិត ថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងភាសាចិន។ នាពេលបច្ចុប្បន្ននេះ និស្សិតកម្ពុជាប្រមាណជា២៣០០នាក់ ក្នុងឆ្នាំសិក្សា ២០២០-២០២១ ហើយនិស្សិតភាគច្រើន បានកំពុងស្នាក់នៅប្រទេសកម្ពុជា និងសិក្សាតាមរយៈកម្មវិធីសិក្សា Online។
លោកប្រធានសមាគមអាណត្តិទី៣ បានបង្ហាញអំពីសមិទ្ធផលទាំងអស់ ដែលកើតចេញពីការស្រឡាញ់ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគម សមាជិកក្រុមបឹ្រក្សាភិបាល តំណាងនិស្សិតតាមបណ្តាខេត្តក្រុងទាំង២៣ ក្រុមការងារនៅរដ្ឋធានីប៉េកាំងក្នុងអាណត្តិទី៣ ជាពិសេសបងប្អូននិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបង្ហាញសាមគ្គីភាពជាកម្លាំងតែមួយ ដើម្បីសម្រេចនូវគោលការណ៍ ក៏ដូចជាសកម្មភាពនានា របស់សមាគម ដូចជា៖
* ការផ្សព្វផ្សាយ និងបង្ហាញនៅវប្បធម៌ និងអរិយធម៌ខ្មែរដ៏ផូរផង់ ចែកជូនដល់មិត្តអន្តរជាតិ ជាពិសេសគឺមហាមិត្តចិន
* ការជួយគ្នាទៅវិញទៅមកទាំងការរស់នៅ និងការរៀនសូត្រដោយការចែករំលែក ចំណេះដឹងនិងបទពិសោធន៍ផ្សេងៗ
* ការជួបជុំអាហារសាមគ្គី ដើម្បីរឹតចំណងមិត្តភាព
* ការស្វែងរក និងផ្សព្វផ្សាយអាហារូបករណ៍ ដើម្បីបង្កើននៅចំនួននិស្សិតកម្ពុជា
* ការស្វែងរកការសហការតាមសាលាទាំងក្នុងស្រុក និងប្រទេសចិន និងក្រុមហ៊ុនដើម្បីផ្តល់ឱកាស ដល់និស្សិតចុះកម្មសិក្សា និងឱកាសការងារសម្រាប់និស្សិត ដែលបញ្ចប់ការសិក្សា
* ការងារមនុស្សធម៌ និងមូលនិធិសប្បុរសធម៌នានា
* ការទទួលស្វាគមន៍ថ្នាក់ដឹកនាំ ដែលអញ្ជើញមកទស្សនកិច្ច នៅប្រទេសចិន និងការសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំក្នុងស្រុក ដើម្បីទទួលបានការណែនាំ និងអនុសាសន៍ល្អៗ និងបទពិសោធន៍ថ្មីៗ ជាពុទ្ធិបន្ថែមទៀត -ល-។
លោក អ៊ុ លឹមហួរ ប្រធានសមាគមថ្មី អាណត្ដិទី៤ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគម និងបងប្អូនតំណាងនិស្សិតកម្ពុជា ប្រចាំខេត្តក្រុងនីមួយៗ នៃប្រទេសចិន ដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ធ្វើជាប្រធានសមាគម សម្រាប់អាណត្ដិទី៤ បានបេជ្ញាចិត្តខ្ពស់ បន្ដចូលរួមដឹកនាំ សកម្មភាពសមាគម ឲ្យកាន់តែរីកចម្រើន និងធ្វើអ្វីដែលជាផលប្រយោជន៍ សម្រាប់និស្សិតខ្មែរ ដែលកំពុងសិក្សាក្នុងប្រទេសចិន ឲ្យស័ក្ដសមទៅ និងការជឿជាក់របស់បងប្អូននិស្សិត ទាំងអស់គ្នា ព្រមទាំងបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក ដូចឃ្លាមួយបានពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ក៏ដូចជាបន្តពង្រឹងទំនាក់ទំនង ជាមួយបណ្តានិស្សិតអន្តរជាតិផ្សេងៗ ជាពិសេសនិស្សិត និងពលរដ្ឋចិនដែលជាមហាមិត្ត និងជាបងប្អូនល្អរបស់យើង។
ថ្នាក់ដឹកនាំសមាគម ព្រមទាំងបងប្អូននិស្សិតទាំងអស់ ដែលបានបញ្ចប់ និងកំពុងបន្តសិក្សានៅប្រទសចិន សូមថ្លែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះការគាំទ្រ និងការឧបត្ថម្ភជួយដល់សកម្មភាពរបស់សមាគមនិស្សិត នាពេលកន្លងមក និងសកម្មភាពបន្តរបស់សមាគម ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឧត្តមសេនីយិ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក អ្នកឧកញ្ញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកស្រី ខែក កែម៉ាលី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន៕