(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួម ពីលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿង ដល់មន្ទីរមណ្ឌលសុខភាព ស្រុកត្រពាំងប្រាសាទ និងមន្ទីរពេទ្យបង្អែក ស្រុកបន្ទាយអំពិល។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា រថយន្តសង្គ្រោះបន្ទាន់ទាំង២គ្រឿងនេះ ជាអំណោយរបស់ក្រសួងសុខាភិបាល។ ហើយរថយន្តនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការ នៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។
រថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែងសម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺ ពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា៕