(សៀមរាប)៖ អាជ្ញាធរជាតិអប្សរារួមជាមួយស្ថាប័ន JASA របស់ប្រទេសជប៉ុន និងអង្គការយូណេស្កូ បានឯកភាពគ្នាបើកការដ្ឋានជួសជុលប្រាសាទបាយ័ននៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកឱ្យភ្ញៀវចូលទស្សនាជាថ្មី។
មុនចាប់ផ្ដើមដំណើរការជួសជុលនេះ តំណាងស្ថាប័នទាំងបីខាងលើក៏បានរៀបចំពិធីសែនព្រែនសុំសេចក្តីសុខចម្រើន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅបរិវេណប្រាសាទបាយ័នផងដែរ។
តាមការបញ្ជាក់ពីលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រួតទី៣ នៃប្រាសាទបាយ័ននេះ បានរងការទ្រុឌទ្រោមដោយសាររចនាសម្ពន្ធថ្មប្រាសាទប្រេះចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃរចនាសម្ពន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងរងផលប៉ះពាល់ខ្លះដោយសារសកម្មភាពរបស់ភ្ញៀវទេសចរផង។
លោកបានបញ្ជាក់ថា ក្នុងកិច្ចការជួសជុលនេះ អាជ្ញាធរជាតិអប្សរានឹងដំណើរការលើការងារមួយចំនួន មានដូចជាការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ នៃទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យជិតនឹងរលំដួលចំនួន ៥៦ ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះ កុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។
ការងារនេះធ្វើឡើងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាខ្លួនឯង ហើយនឹងចំណាយរយៈពេលមួយឆ្នាំ ដើម្បីជួសជុលប្រាសាទបាយ័ននៅរួតទីបីនេះ ឱ្យរួចរាល់ជាស្ថាពរបើពុំមានបញ្ហារាំងស្ទះអ្វីកើតឡើង ទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុករបស់គណៈកម្មាធិការអន្ដរជាតិ អាស៊ីស៊ី-អង្គរ៕