(ព្រះវិហារ)៖ រយៈពេល ២ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងចុះអនុវត្តផ្ទាល់ដឹកនាំផ្ទាល់ដោយលោក វុធ សាវី ព្រះរាជអាជ្ញារង បានចុះបង្រ្កាបទីតាំងល្បែងខុសច្បាប់ (កត់ឆ្នោត) ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រស្រុកគូលែន និងស្រុកជ័យសែន ព្រមទាំងឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូតវត្ថុតាងជាច្រើនផងដែរ។
លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា ក្រោមការណែនាំពីលោក ទី សុវិនថាល់ លោកបានដឹកនាំកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន២ស្រុក គឺស្រុកគូលែន និងស្រុកជ័យសែន ព្រមទាំងឃាត់ខ្លួនអ្នកកត់ឆ្នោត និងដកហូតវត្ថុតាងបានមួយចំនួន។
លោកព្រះរាជអាជ្ញារង បានថ្លែងទៀតថា នៅព្រឹកនេះដែរសមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីជាអ្នកកត់ឆ្នោតម្នាក់ នៅស្រុកជ័យសែនរួមនិងវត្ថុតាង ទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមច្បាប់។ ដោយឡែកអ្នកកត់ឆ្នោតម្នាក់ទៀត ដែលមានផ្ទៃពោះ អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយធ្វើកិច្ចសន្យាផ្តិតមេដៃត្រឹមត្រូវ ឲ្យបញ្ឍប់ការកត់ឆ្នោតចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ ក្រោមការដឹកនាំដោយលោក ប្រាក់ សុវណ្ណ ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តែងដាក់បទបញ្ជារដល់កងកម្លាំងប្រដាប់អាវុធ ពិសេសសមត្ថកិច្ច និងអាជ្ញាធរនៅ តាមមូលដ្ឋាន ត្រូវបង្រ្កាបឲ្យបានបទល្មើសគ្រឿងញៀន បទល្មើសការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ ក៏ដូចជាបទល្មើសល្បែងស៊ីសងដោយខុសច្បាប់ ដើម្បីធានាការអនុវត្តគោលនយោបាយភូមិ-ឃុំ មានវត្ថិភាពទាំង៩ចំណុចឲ្យមានប្រសិទ្ធភាពផងដែរ៕