Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី២៣ កុម្ភៈ

19-02-2016 09:53

(ភ្នំពេញ)៖ អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៥រូប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា គ.ជ.ប កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ គ.ជ.ប បានសម្រេចជ្រើសរើសអគ្គលេខាធិការ និង អគ្គលេខា ធិការរងសរុបចំនួន ៥នាក់ ដើម្បីចូលបំពេញការងារនៅអគ្គលេខាធិការដ្ឋាន គ.ជ.ប អាណត្តិថ្មី។ អគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ ត្រូវបានចម្រាញ់ចេញពីបេក្ខភាពជាង ១០០នាក់មកពីតាមក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិលនានា។

តំណែងអគ្គលេខាធិការបានទៅលើ លោក ទេព នីថា, អគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងផងដែរថា នៅថ្ងៃទី២៣ ខែកុម្ភៈ ក៏នឹងមានការប្រកាសតែងតាំងប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ប្រធាន អនុប្រធាន ការិយាល័យ និង ប្រធាន អនុប្រ ធានលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត និង ផ្ទេរបញ្ចូលក្របខណ្ឌមន្រ្តី គ.ជ.ប ជាមន្រ្តីរាជការ នៃ គ.ជ.ប ផងដែរ៕