(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះកំណត់ប្រភេទក្បាលដី និងអត្តសញ្ញាមនុស្សកាន់កាប់ដី ជាក់ស្តែងឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព មុននឹងឆ្វៀលកាត់ដី ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដើម្បីបញ្ជៀសបញ្ហា ឬកើតទំនាស់ផ្សេងៗទៅថ្ងៃមុខ ដែលពិបាកដោះស្រាយ។
ការស្នើនេះខណៈលោក ជាវ តាយ ដឹកនាំក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការ និងការពន្លឿន នៃការអនុវត្តន៍ការងារអត្តសញ្ញាណកម្មក្បាលដី និងអត្តសញ្ញាណកម្ម មនុស្សពាក់ព័ន្ធ ការកាត់ឆ្វៀលដី និងការផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង លើដីយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងភូមិសាស្រ្តខេត្តកំពត នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្តកំពត។
លោក ជាវ តាយ បានបន្ដថា តាមទិន្នន័យអ្នកដាក់ពាក្យស្នើសុំពិនិត្យ និងវាស់វែងដីកាន់កាប់ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងខេត្តកំពត មកដល់ពេលនេះ មានចំនួនសរុប ៣,៩១៣ក្បាលដី ក្នុងចំនួនគ្រួសារ ៣៣៨៦ ស្មើនឹងផ្ទៃដី១២,២៤៧ហិកតា ក្នុងភូមិសាស្ត្រស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។ ហើយទាំងចំនួនអ្នកមកដាក់ពាក្យ និងចំនួនក្បាលដី គឺវាច្រើនជាងអ្វីដែលមានជាក់ស្តែង។ ជាងនេះទៅទៀត មន្ត្រីជំនាញមិនទាន់ទាំងបានចុះទៅពិនិត្យផង ក៏មានទំនាស់គ្នាកើតឡើងជាបណ្តើរៗ នៅលើក្បាលដីខ្លះទៅហើយ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការងារវាស់វែងឆ្វៀលដីនៅតំបន់នេះ មានភាពស្មុគស្មាញណាស់។ ដូច្នេះហើយ សូមឲ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាក្រុមការងារ ត្រូវយកចិត្តទុកដាក់ សហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការចុះពិនិត្យកំណត់ប្រភេទដី និងម្ចាស់ដីឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព បើមិនដូច្នេះទេ បញ្ហានឹងកើតមានឡើងមិនចេះចប់ក្រោយពេលវាស់វែងរួច។
លោកថា ជំនាញមន្ទីររៀបចំដែនដី និងមន្ទីរបរិស្ថានខេត្ត ត្រូវចុះទៅពិនិត្យភូមិសាស្ត្រ ដែលត្រូវឆ្វៀលជាក់ស្តែង ដើម្បីងាយស្រួលដល់ការវាយតម្លៃ កំណត់អត្តសញ្ញាណកម្មក្បាលដី និងអត្តសញ្ញាណកម្មអ្នកកាន់កាប់ដីពិតប្រាកដ ប្រកបដោយតម្លាភាព ដោយបញ្ចៀសឲ្យបាននូវភាពអសកម្ម, ការរិះគន់ ពីមតិមហាជន ឬលេចឮពាក្យ «អ្នកគ្រប់គ្រងអាស្រ័យផលលើដីពិតប្រាកដ មិនទទួលបានដី, បែរជាអ្នកមិនបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែង ទទួលបានដីទៅវិញ»៕