(កណ្ដាល)៖ ស្ត្រីម្នាក់ និងកូនចំនួន២នាក់ ត្រូវបានមិត្តភក្ដិរបស់ស្វាមី កាប់ប្រហារយ៉ាងសាហាវឃោរឃៅបណ្ដាលឲ្យរបួសធ្ងន់ ដោយសារតែជនរងគ្រោះហាមឃាត់មិនឲ្យផឹកស៊ីនៅផ្ទះរបស់ខ្លួន ទើបបណ្ដាលឲ្យជនសង្ស័យខឹងខ្លាំង ខណៈពេលប្ដីជនរងគ្រោះចេញទៅទិញសាច់ក្លែម ជនសង្ស័យបានស្ទុះទៅទាញកាំបិតកាប់លើជនរងគ្រោះ និងក្មេង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ បុរសជាប្ដីជនរងគ្រោះបានបបួលមិត្តភក្តិរបស់ខ្លួន ដែលជាកម្មករសំណង់ដូចគ្នាទៅផឹកស៊ីនៅផ្ទះរបស់ខ្លួន ដែលការផឹកស៊ីនេះភរិយារបស់ម្ចាស់ផ្ទះ ពុំមានការសប្បាយចិត្តទេ ហើយបានហាមឃាត់ និងធ្វើកាយវិការបង្ហាញពីការមិនសប្បាយចិត្ត ព្រមទាំងជេរប្ដីថែមទៀតផង ដែលបណ្ដាលឲ្យជនសង្ស័យក៏កើតចិត្តខឹងក្ដៅក្រហាយយ៉ាងខ្លាំង។ ឆ្លៀតពេលដែលប្ដីជនរងគ្រោះចេញពីផ្ទះទៅទិញសាច់ក្លែម ស្រាប់តែជនសង្ស័យបានទាញកាំបិតកាប់ប្រហារ ទៅលើជនរងគ្រោះ និងកូនទាំងពីរនាក់យ៉ាងសាហាវឃោឃៅតែម្ដង ហើយរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យទាំងយប់ ហើយចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់។
ជនរងគ្រោះមានឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ ចំណែកកូនឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ និងកូនមួយទៀតឈ្មោះ រស្មី សូជីញ ភេទស្រីអាយុ ០៨ឆ្នាំ រងរបួសធ្ងន់ ហើយបច្ចុប្បន្នបានកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ចំពោះជនសង្ស័យមានឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ (ធ្វើកម្មករសំណង់) ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យ៉ាងណាគេបានដាក់ការសង្ស័យករណី ជាករណីលួចផងដែរ ព្រោះយោងទៅលើស្ថានភាពជាក់ស្ដែងនៅក្នុងផ្ទះឃើញថា មានការរើទូខោអាវ និងសម្ភារៈផ្សេងៗទៀត ខណៈដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពនោះ ជនរងគ្រោះបានមកទាន់ហើយស្រែកឆោឡោ ក៏ជនសង្ស័យទាញកាំបិតកាប់ប្រហារភ្លាមៗតែម្ដង ហើយឃើញកូនទាំងពីរនាក់ស្រែកដែរ ជនសង្ស័យក៏កាប់ទាំងកូនពីរនាក់ថែមទៀតផង បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ដែលនេះជាការសង្ស័យថា ជនសង្ស័យមិនត្រឹមតែខឹងនោះទេ ហើយថែមទាំងមានបំណងលួចទ្រព្យសម្បត្តិគេថែមទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ថា មុខសញ្ញានេះ គឺបានស្គាល់ភិនភាគអស់ហើយ ដោយសារតែទាំងជនរងគ្រោះ និងជនសង្ស័យ គឺជាសាច់ញាតិនឹងគ្នា ធ្វើការសំណង់ជាមួយគ្នា។ បន្ទាប់ពីកើតករណីនេះភ្លាម កម្លាំងទូទាំងស្រុកកៀនស្វាយក៏បើកប្រតិបត្តិការតាមប្រមាញ់តាំងពីយប់ថ្ងៃកើតហេតុ ដើម្បីចាប់ជនសង្ស័យយក ទៅផ្ដន្ទាទោសតាមច្បាប់៕