(ព្រៃវែង)៖ នគរបាលខេត្តព្រៃវែង បានបើកការស្រាវជ្រាវរកសាច់ញាតិ នៃសពស្ត្រីម្នាក់ដែលគេយកទៅប្លុងចោលនៅចិញ្ចើមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីវេលាម៉ោង៦៖៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដោយមានស្នាមរបួសលើដងខ្លួនជាច្រើនកន្លែងនោះត្រូវបានរកឃើញសាច់ញាតិហើយ គឺរស់នៅស្រុករមាសហែក ខេត្តស្វាយរៀង ឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។
នេះបើតាមសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយជនរងគ្រោះឈ្មោះ ចាន់ នងយ៉ា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិត្បែង ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង មានឪពុកឈ្មោះ ចាន់ ឈឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិតាបែង ឃុំឈើទាល ស្រុកឈូក ខេត្តកំពត និងម្ដាយឈ្មោះ ប៉ែន យីន ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិត្បែង ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។ រីឯជនសង្ស័យដែលប្រើអំពើហិង្សាចាក់សម្លាប់ស្ត្រីរងគ្រោះខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកថា មានប្រជាពលរដ្ឋប្រទះឃើញសាកសព នៅចិញ្ចើមផ្លូវជាតិលេខ ១ ផ្នែកខាងជើង ក្នុងភូមិសាស្ត្រភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០ និង៨១។ ដោយមានការចុះដឹកនាំបញ្ជាផ្ទាល់ពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលការងារព្រហ្មទណ្ឌ គ្រូពេទ្យកោសល្យវិច្ច័យ នៃមន្ទីពេទ្យខេត្តព្រៃវែង និងកម្លាំងអធិការនគរបាលស្រុកព្រះស្តេច និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង នឹងកម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្តេច ចុះពិនិត្យស្រាវជ្រាវ។
សាកសពជាមនុស្សស្រី វ័យប្រហែលជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ពាក់អាវផ្កាវៀលឃ្លៀក ពណ៌លឿង ស្លៀកខោក្នុង ជើងខ្លីពណ៌ខ្មៅ ឆ្នូតខាងពណ៌លឿង(ខោកីឡា) នឹងស្លៀកសារ៉ុងខ្សែរឹតកៅស៊ូ ផ្កាពណ៌លឿង នៅទើលើបន្លា ក្បាលចុះក្រោម គូទឡើងលើ។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យឃើញថា សាកសពមានស្នាមរបួស ស្នាមជាំ ផុងលលាក្បាលផ្នែកខាងឆ្វេងនិងស្នាមជាំ លើចិញ្ចើម ភ្នែកឆ្វេង និងហើមជាំ ថ្ពាល់ឆ្វេង ដែលសភាពសាកសព មានដង្កូវតូចៗ ចុះភ្នែក ច្រមុះ មាត់។
ហើយនៅជុំវិញកន្លែងកើតហេតុ ពុំមាន បន្សល់ទុកវត្ថុតាងអ្វីឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សាកសពនេះត្រូវបានមនុស្សមិនស្គាល់យកសាកសពពីកន្លែងផ្សេង មកប្លុងបោះចោលទីនេះ តាំងពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១មកម្លេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កសាងនីតិវិធី នឹងផ្សព្វផ្សាយ រកសាច់ញាតិនៃសពផងដែរ៕