(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីបម៉ុង បានថ្លែងបញ្ជាក់ឲ្យដឹងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏ក្រុមហ៊ុន ជីបម៉ុង នៅតែបន្ដសកម្មភាពយ៉ាងល្អប្រសើរ។
អ្នកឧកញ៉ាបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុន ជីប ម៉ុង មិនបានឈប់សម្រាក ឬផ្អាកដំណើរការគម្រោងនានារបស់ខ្លួននោះឡើយ ដោយបន្ដសកម្មភាពជាប់រហូត លើសពីនេះសម្រាប់បុគ្គលិកក្រុមហ៊ុន ជីបម៉ុង គឺមិនមានការកាត់បន្ថយឡើយ មានតែរើសបន្ថែមរហូត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងសណ្ឋាគារ ហៃយ៉ាត់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា «ទោះបីជាយើងជួបនូវជំងឺកូវីដ១៩ និងទឹកជំនន់ក៏ដោយក៏ក្រុមហ៊ុន ជីប ម៉ុង នៅបន្ដសកម្មភាពយ៉ាងសកម្ម ដោយបានបង្កើតគម្រោងជាច្រើនរួមមាន៖ គម្រោងផ្សារទំនើប, គម្រោងលំនៅដ្ឋានអភិវឌ្ឍន៍, គម្រោងជីបម៉ុងថោវើរ៍ជាដើម ដែលគម្រោងទាំងនេះបានជួយយ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជួយដល់ប្រជាពលរដ្ឋឲ្យមានការងារធ្វើ»។
អ្នកឧកញ៉ាដឹងថា ក្រុមហ៊ុន ជីប ម៉ុង មានគោលដៅយ៉ាងមុតមាំ ក្នុងការធ្វើយ៉ាងណាឲ្យកូនខ្មែរ បានជួបបទពិសោធន៍ថ្មីៗ និងរៀនអំពីអ្វីៗដែលថ្មីៗ ដែលក្រុមហ៊ុន ជីប ម៉ុង មាន ហើយនៅថ្ងៃខាងមុខក្រុមហ៊ុន ជីប ម៉ុង នៅតែបន្ដសកម្មភាពយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដើម្បីទទួលបានភាពរីកចម្រើន និងសុខសន្ដិភាព។
អ្នកឧកញ៉ាសង្កត់ធ្ងន់ថា «កូវីដ១៩ ធ្វើឲ្យយើងបានរៀនសូត្រច្រើន ចំពោះមុខ ជីប ម៉ុង នៅតែបន្តសកម្មភាពយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព ពិសេសបានគ្រប់គ្រងកូវីដ១៩ បានល្អបំផុតនៅលើពិភពលោក ដែលធ្វើឲ្យប្រជាជន អាចជួបជុំដោយការសប្បាយចិត្ត»។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលកំពុងជួយដល់សេដ្ឋកិច្ចជាតិ ដោយកំពុងរកស៊ីក្នុងវិស័យជាច្រើននៅកម្ពុជា រួមមានវិស័យសណ្ឋាគារ វិស័យសំណង់ និងអភិវឌ្ឍលំនៅឋាន វិស័យម្ហូបអាហារ វិស័យធនាគារ និងវិស័យទេសចរណ៍ជាដើម៕