(ស្វាយរៀង)៖ រហូតមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ អ្នកធ្វើចត្តាឡីស័កដែលចូលមកខេត្តស្វាយរៀង សរុបជារួមចំនួន ១២៧នាក់។ ក្នុងចំណោមនេះ មានស្រី ៣៣នាក់ ដែលមានជនជាតិបរទេស ៣០នាក់ ស្រី ៥នាក់ (ជនជាតិចិន ២នាក់ ស្រី ០នាក់, ជនជាតិវៀតណាម ២៨នាក់ ស្រី ៥នាក់)។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា សម្រាប់ខេត្តស្វាយរៀងមានមណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត (កំរិត ២) ក្នុងខេត្តស្វាយរៀង មាន ៤កន្លែង ដោយមានមន្ត្រីប្រចាំការពីផ្នែកពាក់ព័ន្ធ។
មណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត (កំរិត ២) ក្នុងខេត្តស្វាយរៀង មាន ៤កន្លែង រួមមាន៖
* ទី១៖ មណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត សម្រាប់ពលករមកពីក្រៅប្រទេសដើមកំណើតនៅស្វាយរៀង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៨ រួចបន្តដំណើរមកផ្លូវលេខ១៣ ត្រូវចូលត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលនេះ ដែលជាទីតាំងរបស់ការិយាល័យកសិកម្មស្រុករមាសហែក ស្ថិតនៅភូមិក្រញួង ឃុំមុខដា រាល់ការស្នាក់នៅហូបចុក រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក ជាអ្នកចេញចំណាយទាំងស្រុង
* ទី២៖ មណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត នៅស្វាយជ្រំ សម្រាប់ពលករមកពីក្រៅប្រទេសដើមកំណើតនៅស្វាយរៀង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ១ ត្រូវចូលត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលនេះ ដែលជាទីតាំងរបស់ការិយាល័យកសិកម្មស្រុកស្វាយជ្រំ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ រាល់ការស្នាក់នៅហូបចុក រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុកស្វាយជ្រំ ជាអ្នកចេញចំណាយ
* ទី៣៖ មណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត នៅក្រុងបាវិត សម្រាប់ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ មកពីក្រៅប្រទេស ដែលធ្វើដំណើរឆ្លងចូលតាមច្រកអន្តរជាតិបាវិត ត្រូវចូលត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ២កន្លែង ៖
* សណ្ឋាគារ អ៉ឹមម៉ាយហៀង សម្រាប់ជនបរទេស តែត្រូវចំណាយថ្លៃស្នាក់នៅហូបចុកដោយផ្ទាល់ខ្លួន ឬជនជាតិខ្មែរ ដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅនិងហូបចុក
* ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត សម្រាប់ជនជាតិខ្មែរ(ទាំងប្រជាជន និងមន្ត្រីរាជការ) ស្នាក់នៅហូបចុក រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលក្រុងបាវិតជាអ្នកចេញចំណាយ
* ទី៤៖ មណ្ឌលចត្តាឡីស័ក ថ្នាក់ខេត្ត នៅកំពង់រោទិ៍ សម្រាប់ពលករមកពីក្រៅប្រទេសដើមកំណើតនៅស្វាយរៀង និង សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ មកពីក្រៅប្រទេស ដែលធ្វើដំណើរឆ្លងចូលតាមច្រកអន្តរជាតិព្រៃវល្លិ៍ ត្រូវចូលត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលនេះ ដែលជាទីតាំងរោងម៉ាស៉ីនកិនស្រូវរបស់សហគមន៍ ស្ថិតនៅភូមិកណ្តាល ឃុំត្នោត រាល់ការស្នាក់នៅហូបចុក រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុកកំពង់រោទិ៍ ជាអ្នកចេញចំណាយ៕