(ភ្នំពេញ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ បាននាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លំនៅដ្ឋាននៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចៅៗភ្លោះទាំង៣នាក់នោះ មានប្រុសពីរនាក់ ស្រីម្នាក់ ជាកូនលើកទី៣ ដែលមានឪពុកឈ្មោះ ជុំ ស៊ីថា អាយុ ៣២ឆ្នាំ ជាមន្រ្តីនគរបាល នៃក្រសួងមហាផ្ទៃ និងម្តាយឈ្មោះ សាង មេត្តា អាយុ ២៨ឆ្នាំ មុខរបរមេផ្ទះ។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរពេទ្យឯកជន ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបន្ទាប់មកត្រូវបានក្រុមគ្រួសារបញ្ជូនទៅថែទាំសុខភាពបន្ត នៅមន្ទីរពេទ្យគន្ធបុប្ផា។

នៅចំពោះមុខគ្រួសារកូនលោក សេង ទៀង បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ពោលរយៈពេល២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន៣៧០គ្រួសាររួចហើយ។ គ្រួសារកូនភ្លោះទាំងអស់នេះ សុទ្ធតែបានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ។

លោក សេង ទៀង បានគូសបញ្ជាក់ថា «ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ»

ក្នុងឱកាសផ្តល់អំណោយនេះជំនួយការផ្ទាល់របស់សម្តេចតេជោ, លោក សេង ទៀង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕