(ត្បូងឃ្មុំ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរអិលក្រឡាប់ធ្លាក់ផ្លូវមួយ ដែលហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោងប្រមាណ ១១និង១៥នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពពីមន្ត្រីជំនាញចរាចរណ៍នៃអធិការស្រុកមេមត់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាហ៉ីលុច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-0936 ។ រថយន្តនេះ បើកបរដោយឈ្មោះ ទា សុខហេង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងទិសដៅពីទិសត្បូងទៅជើង តាមបណ្ដោយផ្លូវអភិវឌ្ឍន៍ក្រាលគ្រួសក្រហម ប្រើប្រាស់ល្បឿនយ៉ាងលឿន បានរេរចង្កូតរអិល ក្រឡាប់ធ្លាក់ផ្លូវ (ផ្លូវនេះក្រឡុកៗដាច់ៗនៅចញ្ចើមផ្លូវ) បណ្ដាលឲ្យអ្នកបើកបរ ខ្ទាតចេញតាមកញ្ចក់ចំហៀងបោកនឹងដីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះមកពីកត្តាការបើកបរល្បឿនលឿនជ្រុល បើកបរធ្វេសប្រហែសលើផ្លូវរអិល និងមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាព។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួចប្រគល់ជួនគ្រួសារសពវិញផងដែរ៕