(ព្រះវិហារ)៖ សម្ភារជាច្រើនប្រភេទសម្រាប់បម្រើឲ្យការងារកសិកម្ម ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ដឹកនាំក្រុមការងារយកទៅប្រគល់ជូនបងប្អូនប្រជាកសិករចំនួន៦ភូមិ មកពីក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។

លោក ពឹង ទ្រីដា បានថ្លែងប្រាប់ឲ្យដឹងថា សម្ភារកសិកម្មដែលយកមកប្រគល់ជូនដល់បងប្អូនកសិករនៅពេលនេះមានដូចជា៖ កៅស៊ូក្រាលរង និងសំណាញ់ទ្រើងបន្លែ ដែលសម្ភារទាំងនេះ ជាថវិកាគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនកសិករមកពី៦ភូមិ។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា ការចែកសម្ភារកសិកម្មជូនកសិករនៅពេលនេះ ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាកសិករអោយខិតខំពង្រីកបន្តអាជីវកម្មរបស់ពួកគាត់កាន់តែប្រសើឡើង និងជួយដោះស្រាយនៅការចំណាយរបស់ពួកគាត់បានមួយចំនួន ដើម្បីឲ្យពួកគាត់ចេះប្រើប្រាស់បច្ចេកទេសដាំបន្លែឲ្យធនទ្រាំទៅនិងអាកាសធាតុ ដោយចំនាយកម្លាំងពលកម្មតិច តែទទួលបានទិន្នផលខ្ពស់។

ជាមួយគ្នានេះដែរលោក ពឹង ទ្រីដា បានណែនាំដល់បងប្អូនប្រជាកសិករ ដែលទទួលបានសម្ភារកសិកម្មទាំអស់នេះ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវខិតខំយកចិត្តទុកដាក់រៀបចំធ្វើការដាំដុះដាំណាំបន្លែ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ពិសេសគឺដាំបន្លែកុំប្រើសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ទីផ្សាររបស់យើង។

លោកក៏បានណែនាំបន្ថែមឲ្យបងប្អូនប្រជាកសិករយើង ត្រូវបន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍លាងដៃនិងសាប៊ូ ទឹកអាល់កុលឫជែលនិងពាក់ម៉ាស់ការពារពេលស្ថិតក្នុងទីប្រជុំជន ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍របស់យើងកុំឲ្យឆ្លងជំងឺកូវីដ១៩៕