(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មដីល្បាយខ្សាច់ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

ក្រសួងរ៉ែ បានជូនដំណឹងដល់បណ្តាក្រុមហ៊ុនក្នុងស្រុក (គិតទាំងសហគ្រាសឯកបុគ្គល)ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងនឹងដាក់ឱ្យមានការប្រកួតប្រជែងជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មដីល្បាយខ្សាច់នៅទីតាំងចំនួន៧ទីតាំង ក្នុងនោះភូមិសាស្ត្រខេត្តកោះកុង ចំនួន៣ទីតាំង និងខេត្តព្រះសីហនុ ចំនួន៤ទីតាំង ដូចមានផែនទីទីតាំង និងនិយាមកាជូនភ្ជាប់មកជាមួយដូចខាងក្រោម៖

* ទីតាំងទី១៖ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង មានទំហំ ១០៩ហិកតា
* ទីតាំងទី២៖ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង មានទំហំ៨៨២ហិកតា
* ទីតាំងទី៣៖ ស្ថិតនៅឃុំដងពែង ឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមានទំហំ ៤៦៤ហិកតា
* ទីតាំងទី៤៖ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំ ៣១៨,៧០ហិកតា
* ទីតាំងទី៥៖ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំ ៨១,៥០ហិកតា
* ទីតាំងទី៦៖ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំ ៦០ហិកតា
* ទីតាំងទី៧៖ ស្ថិតនៅឃុំរាម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំ ២២៨ហិកតា។

ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងនៅទីតាំងខាងលើ អាចចាត់តំណាងស្របច្បាប់ ឬប្រធានក្រុមហ៊ុនមកទទួលពាក្យ និងចុះឈ្មោះចូលរួមប្រកួតប្រជែងនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល អគារលេខ ៧៩-៨៩ វិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការដោយភ្ជាប់មកជាមួយនូវច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ដែលមានការបញ្ជាក់ត្រឹមត្រូវ)។ ចំពោះអ្នកតំណាង ត្រូវមានសិទ្ធិប្រទានពីប្រធានក្រុមហ៊ុន។

ក្រុមហ៊ុនមួយអាចទទួលពាក្យស្នើសុំច្រើនទីតាំងបាន ប៉ុន្តែក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចទទួលយកឯកសារប្រកួតប្រជែងបានតែមួយគត់សម្រាប់មួយទីតាំង។

ក្រុមហ៊ុនដែលទទួលបានពាក្យស្នើសុំត្រូវមកចូលរួមប្រជុំស្តាប់ការណែនាំអំពីនីតិវិធីប្រកួតប្រជែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩៖៣០នាទីព្រឹក នៅសាលប្រជុំអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល អាសយដ្ឋានអគារលេខ១៣, ១៤ មហាវិថីសហព័ន្ធរុស្សី (១១០) រាជធានីភ្នំពេញ៕