(កណ្ដាល)៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកហូរឈាម ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ មន្ដ្រីយោធាផ្កាយមួយឈ្មោះ ហេង គាហុង ដែលយកកាំភ្លើងវាយក្បាលសន្ដិសុខរងរបួសនោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

ភ្នាក់ងារ Fresh News ប្រចាំនៅខេត្តកណ្ដាល បានរាយការណ៍ឲ្យដឹងថា មន្ដ្រីយោធាផ្កាយមួយនោះ បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់។

ដោយឡែក ករណីរំលោភសម្លាប់ ប្រព្រឹត្តនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ នៅថ្ងៃទី៥ ខែមករានេះ បង្កដោយជនសង្ស័យឈ្មោះ ទូច សជាតិ ហៅអាដំរី ទៅលើយុវតីអាយុ១៨ឆ្នាំ នឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកស្អែក។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ចៅ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ភ្នាក់ងារ Fresh News។

គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា នៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ឲ្យដឹងថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង៕