(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់៩នាក់ និងរបួសស្រាល២នាក់ នេះបើតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ១លើក, ប្រជែងគ្រោះថ្នាក់២លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៥នាក់ (យប់៤នាក់)។
ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន១០១៤៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៤១២៤គ្រឿង និងពិន័យសរុប៦០២១គ្រឿង ៕