(ព្រះវិហារ)៖ ទីតាំងកត់ឆ្នោតខុសច្បាប់ចំនួន២កន្លែង ស្ថិតនៅក្នុងឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបបានជាបន្តបន្ទាប់ ដោយធ្វើការឃាត់ខ្លួនមនុស្ស និងដកហូតវត្ថុតាងបានមួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងខុសច្បាប់កត់ឆ្នោតទាំង២ទីតាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពីលោក ទី សុរិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក វុធ សាវី ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដោយដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់កន្ទុយលេខបានមួយចំនួន និងដកហូតវត្ថុតាងមាន IPAD) និងសម្ភារបម្រើឲ្យការកត់កន្ទុយលេខជាច្រើនទៀត។
ដោយពិនិត្យស្ថានភាពឃើញថា អ្នកកត់ឆ្នោតខុសច្បាប់មួយចំនួនជាស្ត្រីដែលមានផ្ទៃពោះ សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការកត់ឆ្នោតខុសច្បាប់នេះតទៅទៀត ព្រមទាំងនិងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋាន វិញរៀងៗខ្លួន៕