(ពោធិ៍សាត់)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងដោយបានការអញ្ជើញចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១,៣១៩គ្រួសារ ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។
ពិធីនេះប្រារព្ធធ្វើនៅ២ទីតាំងផ្សេងគ្នា គឺបរិវេណដីវាលទល់មុខសាលាស្រុកកណ្តៀង ស្ថិតក្នុងភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ចំនួន៨០០គ្រួសារ និងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនួន៥១៩គ្រួសារ។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងថា ទោះបីជាទឹកជំនន់បានឆ្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែតម្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋ ក៏នៅតែត្រូវបានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយផ្តល់ជាទូទៅ មិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ ឬសាសនាណាមួយឡើយ។
លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា កញ្ចប់អំណោយទាំងអស់នេះ គឺជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
បើតាមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិក អគ្គមគ្គទេស៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ លោកបានបញ្ជាក់ថា «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មី នៃជំងឺកូវីដទម្រង់ថ្មី ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺនេះ។
កញ្ចប់អំណោយដែលត្រូវ ចែកជូនប្រជាពលរដ្ឋទាំង២ ទីតាំងផ្សេងគ្នា ចំនួន១,៣១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម និងឃីត១កញ្ចប់ រួមមាន(មី, ប្រេងឆា, ស្ករស, អំបិល, ត្រីខ, សាប៊ូដុំ, និងសាប៊ូលាងចាន)៕