(ភ្នំពេញ)៖ គណបក្សហ្វ៊ុនស៉ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ករណីប្រមាថអង្គព្រះមហាក្សត្រម្តងហើយម្តងទៀត។ ជាមួយគ្នានេះ គណបក្សរាជានិយមមួយនេះ បានប្រកាសគាំទ្រចំណាត់ការរបស់តុលាការ ទៅលើបុគ្គលសម រង្ស៉ី ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រផងដែរ។

តាមសេចក្តីថ្លែងការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សហ៊្វុនស៉ិនប៉ិច សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី ដែលបង្ហោះសារតាម Facebook កាលពីថ្ងៃទី២០-១២-២០ និងការសម្ភាសក្នុងវិទ្យុអាស៉ីសេរី កាលពីថ្ងៃទី ២៩-១២-២០»

គណបក្សហ៊្វុនស៉ិនប៉ិច បានចាត់ទុកខ្លឹមសារដែលទណ្ឌិត សម រង្ស៉ី បានផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញផ្សព្វផ្សាយសង្គមនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះព្រះរាជកិត្តិនាមរបស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រខ្មែរយើង។ បន្ថែមពីនេះ គណបក្សហ៊្វុនស៉ិនប៉ិច យល់ឃើញថា «ការកាត់ទោសទណ្ឌិតសមរង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំទៀត ពីបទប្រមាថព្រះមហាក្សត្រ ពិតជាត្រឹមត្រូវ»

គណបក្សហ៊្វុនស៉ិនប៉ិច បានធ្វើការបញ្ជាក់ជូនជនរួមជាតិ នូវការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ការពាររបបរាជានិយម និងព្រះរាជបល្ល័ង្ក ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្មីៗនេះ បានសម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។ ការចោទប្រកាន់ថ្មីនេះ ធ្វើឡើងបន្ទាប់ពី លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើលិខិតមួយទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀតចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»

លោក កើត រិទ្ធ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»

លោករដ្ឋមន្រ្តី បានបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ម្តងរួចទៅហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច៖