(កណ្ដាល)៖ ជនសង្ស័យម្នាក់ដែលគេសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើនារីវ័យជំទង់ម្នាក់នៅក្នុងបន្ទប់ជួល នាយប់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសាកពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យពុំទាន់អាចជម្រាបជូនឈ្មោះបាននៅឡើយទេ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជនសង្ស័យរូបបានចាប់រំលោភជនរងគ្រោះ ហើយខឹងជនរងគ្រោះប្រាប់ឪពុកម្តាយ រួចក៏ចាប់ហើយចាក់សម្លាប់ចោលតែម្តង។
គួរជម្រាបថា ដើមឆ្នាំ២០២១នេះ ខេត្តកណ្ដាលកើតឡើងករណីព្រហ្មទណ្ឌច្រើនករណី តួយ៉ាងដូចជាករណីបាញ់បោះសេរី ករណីយកកាំភ្លើងវាយក្បាលបុគ្គលិកខ្លួន ករណីបាញ់រះគំរាមសម្ថកិច្ច ករណីផ្សេងៗទៀត ខណៈសមត្ថកិច្ចក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានតាមប្រម៉ាញ់ បង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕