(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការឃាត់ខ្លួន អ្នកបើកបរស្រវឹងធ្ងន់ចំនួន៦នាក់ ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីពិនិត្យឃើញថា កម្រិតជាតិអាល់កុល ក្នុងខ្លួនរបស់ពួកគេមានកម្រិតខ្លាំង លើសពីការពិន័យ និងអប់រំ។
របាយការណ៍ផ្លូវការស្តីពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការ ត្រួតពិនិត្យទាំងអស់មាន ចំនួន៨៤៩គ្រឿង (ម៉ូតូចំនួន៥២៥គ្រឿង និងរថយន្ត៣២៤គ្រឿង) យានយន្តដែលបានចេញ ប័ណ្ណពិន័យបទល្មើសចំនួន២២៧គ្រឿង (ម៉ូតូ១៤៤គ្រឿង និងរថយន្ត៨៣គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិស្រវឹងក្រោម០.២៥ចំនួន២២នាក់ (ម៉ូតូចំនួន២០នាក់ និងរថយន្តចំនួន២នាក់) ពិន័យអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងចាប់ពី ០.២៥ ដល់០.៣៩មីលីក្រាម១៧នាក់ (ម៉ូតូចំនួន១៣នាក់ និងរថយន្តចំនួន៤នាក់)។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ អត្រាជាតិអាល់កុលពី០.៥០ ដល់១.០២MgL/ខ្យល់។
សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល២១លើក បានឃាត់អ្នកបើកបរយានយន្តចំនួន១៧៦នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៤៣នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន១៣៣នាក់៕