(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន រួមទាំងគណៈប្រតិភូបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង១១៖០០យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសាន់នីឡែនស៍ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ដោយបានសម្រេចជាគោលការណ៍រួមចំនួន១៧ចំណុច។
ក្រៅពីកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រមាណ៦០០នាក់ផងដែរ ដើម្បីផ្សព្វផ្សាយអំពីនយោបាយ និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើ Facebook ប៉ុន្មាននាទីមុននេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំនិងគណះប្រតិភូកម្ពុជាបានវឹលត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្តិភាពហើយ។ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំនិងសមាជិកគណះប្រតិភូ»។
«សុំអរគុណចំពោះបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលមក សួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយ ខ្ញុំនិងគណះប្រតិភូកម្ពុជា។ មកដល់មាតុប្រទេសវិញ បំណុលដែលខ្ញុំជំពាក់ពិតជាមានច្រើន។ ឯកសារពិតជានៅកកកុញរង់ចាំ ខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា។ ខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះនៅថ្ងៃស្អែកដើម្បី ជំរុញល្បឿនការងារ ព្រោះបើនាយករដ្ឋមន្ត្រីមិនសំរេច ឬមិនចុះហត្ថលេខាទេ ការងារនិងយឺតយ៉ាវ។ បំណុលមួយដែលខ្ញុំមិនអាចរកសងបានគឺចៅៗ ខ្ញុំច្បាស់ជាមកលេងជាមួយខ្ញុំហើយសួរខ្ញុំថា ឯណាកាដូសំរាប់ចៅ ខ្ញុំកំពុងរកវិធីដោះសារជាមួយចៅៗ ដែលពិបាកជាងការងាររដ្ឋទៅទៀត»៕