(ព្រះសីហនុ)៖ ពិធីចែកអំណោយបានរៀបចំនៅក្នុងវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានគណៈធិបតីលោក ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្ត និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ លោកនិយាយថា នៅស្រុកព្រៃនប់ តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ។ សម្រាប់ពលរដ្ឋដែលទទួលបានអំណោយនៅពេលនេះមាន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ គឺឃុំជើងគោមានចំនួន ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។
លោក គួច ចំរើន បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក គួច ចំរើន បានរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់មើលប្រជាពលរដ្ឋដែលមានការលំបាក និងជនងាយរងគ្រោះក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ត្រូវរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ឲ្យបានទាន់ពេលវេលា ដើម្បីលៃលកដោះស្រាយឲ្យបានទាន់ពេលវាលា ចៀសវាងការមិនបានដោះស្រាយដោយយើងមិនបានដឹង។
លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់។ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ជូនថា អំណោយចែកជូននេះក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ, ការផ្តល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនេះ ត្រូវបានធ្វើឡើងគ្រប់ក្រុង/ស្រុកទាំងអស់ ដែលមានពលរដ្ឋរងគ្រោះដោយធម្មជាតិ ជនទីទ័លក្រ និងជនងាយរងគ្រោះដែលជួបបញ្ហាប្រឈមក្នុងជីវភាពជាដើម៕