(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារពាក់ព័ន្ធ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានចេញប្រតិកម្មចំពោះពលករមួយចំនួន ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅវិទ្យាលយ័តេជោសែនសំរោង ដែលបង្ហោះ និងឡាយតាមបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃ និងបំភ្លៃ មកលើក្រុមការងារ។

តាមរយៈហ្វេកប៊ុកឈ្មោះ ចាន់ ធូ របស់ស្ត្រីជាពលករដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាលយ័តេជោសែនសំរោង បានបង្ហោះខ្លឹមសារកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា៖ «សួស្តីឆ្នាំ២០២១! មើលគេសុខសប្បាយ តែចំណែកខ្ញុំ៤នាក់បងប្អូន និងកូនវិញ បានស៉ីបាយគុក១៤ថ្ងៃ»

លើសពីនេះហ្វេកប៊ុកពលករស្ត្រីរូបនេះ ថែមទាំងឡាយរិះគន់រឿងរបបភួយ មុង និងរិះគន់ក្រុមគ្រូពេទ្យយ៉ាងចាស់ដៃទៀតផង។

ឆ្លើយតបនឹងការរិះគន់ខាងលើនេះ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ លោក ឃ្លោក ហួត និងលោក ជា ពិសិដ្ឋ និងក្រុមការងារ បានហៅស្ត្រីពលកររូបនេះមកសួរនាំ និងឲ្យឆ្លើយនៅអ្វីតែជាការពិត ថែមទាំងបបួលស្ត្រីពលកររូបនេះស្បថស្បែដាក់ជីវិតរហូតដល់ម៉ែ ឪ ទៀតផង ព្រោះការឡាយ និងបង្ហោះតាមបណ្តាញសង្គមរបស់ស្ត្រីពលកររូបនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារយកអស់កម្លាំងកាយចិត្ត ក្នុងការជួយពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

នៅចំពោះមុខក្រុមការងារស្ត្រីរូបនេះ បានសម្តែងនូវការសុំទោស ហើយថែមទាំងនិយាយថា ការឡាយ និងបង្ហោះតាមបណ្តាញសង្គមនេះ គឺគាត់បង្ហោះលេងទេ មិនមានចេតនាណាមូយវាយប្រហារដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារនោះដែរ៕

សូមទស្សនាវីដេអូបកស្រាយរបស់ស្ត្រីជាពលករដូចខាងក្រោម៖