(ភ្នំពេញ)៖ លោក Hridayyesh Tripathi រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រជាជននេប៉ាល់ តំណាងឲ្យរដ្ឋាភិបាល និងប្រជាជននេប៉ាល់ បានថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយម៉ាស និងសម្ភារបរិក្ខារពេទ្យជាច្រើន ដល់រដ្ឋាភិបាលប្រទេសនេប៉ាល់ នៅថ្ងៃនេះ។
ការថ្លែងអំណរគុណ និងសម្តែងការដឹងគុណនេះ បានធ្វើឡើងក្នុងឱកាសដែលកម្ពុជាតំណាងដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
លោក Hridayyesh Tripathi បានលើកឡើងដូច្នេះថា «ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ តំណាងឲ្យរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដើម្បីធ្វើការថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានផ្តល់ឧបករណ៍ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រដល់យើងនៅថ្ងៃនេះ។ ជាមួយនឹងអំណោយទាំងនេះ អ្នកបាននាំមកនូវក្តីស្រឡាញ់ដ៏ធំធេង ប្រកបដោយឆន្ទៈដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាន ដែលបង្ហាញពីសាមគ្គីភាពដ៏រឹងមាំពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ពិតជាដឹងគុណយ៉ាងជ្រាលជ្រៅ»។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាស និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។ អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។ នេះបើតាមការឲ្យដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលនេប៉ាល់ បានបន្តទៀតថា៖ នេប៉ាល់ និងកម្ពុជាទទួលបាននូវទំនាក់ទំនងល្អប្រសើរបំផុត ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ ប្រទេសទាំងពីរមានចំណែករួមគ្នា ក្នុងកិច្ចការក្នុងតំបន់ និងអន្តរជាតិ។ យើងតែងគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្ដរជាតិជាច្រើនរួមទាំង អង្គការសហប្រជាជាតិ ទៅលើបញ្ហាជាច្រើន ដែលជាផលប្រយោជន៍ទៅវិញទៅមក។
លោកបញ្ជាក់ទៀតថា៖ «ទំនាក់ទំនងរបស់យើង ត្រូវបានកំណត់ដោយសុច្ឆន្ទៈ, ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។ វប្បធម៌ អរិយធម៌ និងបេតិកភណ្ឌរបស់យើងដូចជា Lumbini និងអង្គរវត្ត កំពុងផ្តល់នូវការផ្សាភ្ជាប់យ៉ាងរឹងមាំ រវាងប្រជាជនរបស់យើង»។
លោក Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០១៩។ ដូចគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ផងដែរ។ ដំណើរទស្សនកិច្ចមេដឹកនាំកំពូលជាប្រវត្តិសាស្ត្រទាំងពីរនេះ មានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ឱ្យឈានដល់កម្រិតថ្មីមួយ។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលនេប៉ាល់ តំណាងរដ្ឋាភិបាល និងប្រជាជននេប៉ាល់ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿជាក់ថា ថ្ងៃនេះយើងបានបន្ថែមជំពូកថ្មីមួយទៀត នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង។ ប្រជាជននេប៉ាល់នឹងនៅតែចងចាំចំពោះការគាំទ្រ និងភាតរភាពរបស់កម្ពុជាជាបងប្អូន នៅពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19»។
លោកបានបញ្ជាក់ទៀតថា «ដោយសារគោលនយោបាយត្រឹមត្រូវ និងអន្តរាគមន៍ទាន់ពេលវេលា ប្រទេសកម្ពុជាបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ អ្នកបានបង្ហាញដល់ពិភពលោក អំពីរបៀបដែលយើងអាចដោះស្រាយវិបត្តិធំៗ ដូចជាជំងឺរាតត្បាតមួយនេះ និងជួយសង្គ្រោះជីវិត ដោយផ្តោតលើកម្លាំងរបស់យើងផ្ទាល់ និងប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន ហើយខ្ញុំជឿជាក់ថា នេះជាការអនុវត្តដ៏ល្អបំផុតមួយ ដែលប្រទេសជាច្រើនចង់ដើរតាម។ ដូចគ្នានេះដែរ ជាមួយនឹងការគាំទ្រដល់ប្រទេសនេប៉ាល់ពេលនេះ ប្រទេសកម្ពុជាពិតជាបានបង្ហាញនូវឆន្ទៈរបស់ខ្លួន ក្នុងការបង្កើតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយប្រទេសដទៃទៀត ដើម្បីយកឈ្នះវិបត្តិសុខាភិបាលពិភពលោក»។
នេប៉ាល់ ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន ៣ផងដែរ។ រួមមានរដ្ឋាភិបាលឡាវ បានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន៕