(តាកែវ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្នះសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៣ ចំនួនពីរកន្លែង បើទោះបីមានការព្យាយាមតវ៉ា និងរារាំងពីក្រុមអាជីវករ និងប្រជាពលរដ្ឋមួយចំនួនក៏ដោយនោះ។
ក្នុងឱកាសអញ្ជើញត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៣នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាឱ្យសាងសង់ជាដាច់ខាតនូវស្ពានអាកាសថ្មើរជើងទាំងពីរកន្លែងនេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងមានការឆ្លងកាត់មមាញឹកនេះ។
ក្នុងគម្រោងពង្រីង និងស្តារឡើងវិញផ្លូវជាតិលេខ៣ ពីរង្វង់ចោមចៅ ទៅក្រុងកំពត ក្រសួងសាធារណការ បានសម្រេចសង់ស្ពានចំនួនពីរកន្លែង ដោយមួយកន្លែងនៅចំផ្សារត្រាំខ្នា និងមួយទៀតស្ថិតនៅចំផ្សារ និងវិទ្យាល័យអង្គតាសោម។
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានក្រុមអាជីវករផ្សារនាំគ្នារារាំងមិនឱ្យសង់នោះទេ ដោយពួកគេអះអាងថានាំឱ្យប៉ះពាល់ដល់សោភ័ណភាពផ្សារ និងថាប៉ះពាល់ការឆ្លងចេញចូលផ្សារជាដើម។
ប្រភពរបស់មន្ត្រី បានប្រាប់ថា ស្ពានអាកាសថ្មើរជើងនេះ ក្រុមអាជីវករបាននាំគ្នាស្វែងរកការអន្តរគមន៍ដល់ខេត្ត និងដំណើររាស្ត្រថែមទៀតផង ដើម្បីរារាំងមិនឱ្យសាងសង់។ បើតាមប្រភពការរារាំងរបស់ក្រុមអាជីវករនេះ គឺពួកគេបារម្ភខ្លាចប៉ះពាល់ដល់ការចេញចូលផ្សារ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបានគូសបញ្ជាក់ថា ក្រោយមានការតវ៉ាបែបនេះ លោកបានសរសេរលិខិតផ្ញេីជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដោយបានរៀបរាប់ពីលក្ខណ:បច្ចេកទេសនៃការសាងសង់ផ្លូវ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវជាតិលេខ៣នេះ មានទំហំធំ ប្រវែងឆ្ងាយពិបាកឆ្លង ដែលទាមទារឱ្យមានជាដាច់ខាតនូវស្ពានអាកាសថ្មើរជើង ដើម្បីសម្រួលការឆ្លងកាត់ និងបញ្ចៀសបានហានិភ័យគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «បន្ទាប់ពីមានការស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានសម្រេចឱ្យសាងសង់ហើយ ព្រោះខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋពេលឆ្លងកាត់ផ្លូវនេះ»។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវជាតិលេខ៣ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ការពង្រីក និងលើកកម្រិតគុណភាពផ្លូវពី DBST ទៅ AC លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។
គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ) ទៅដល់បែកគូស មានប្រវែងជិត ៧០គីឡូម៉ែត្រ។ កំណាត់ទី១នេះ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។
ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕