(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ នៅតែរក្សាជំហរបើកបវេសនកាល ឆ្នាំសិក្សាថ្មី នៅថ្ងៃទី១១ ខែមករាខាងមុខនេះ ដោយអនុវត្តន៍ខ្ជាប់ខ្ជាប់ នូវវិធានការសុវត្ថិភាពសុខភាព។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា រក្សាជំហរបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយអនុវត្តន៍ខ្ជាប់ខ្ជាប់នូវវិធានការសុវត្ថិភាពសុខភាព។ បើមានការប្រែប្រួល ក្រសួងនឹងជម្រាបជូនសាធារណជន ក្នុងពេលវេលាសមស្រប»។

គួសបញ្ជាក់ថា ក្រសួងអប់រំ នាពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្តីណែនាំមួយ ដោយកំណត់យកពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ)។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏តម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។

ក្រសួងអប់រំ ក៏សូមអំពាវនាវ ដល់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ បន្តអនុវត្តគោលការណ៍ សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាលផងដែរ៕