(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២១នេះ កម្ពុជា នឹងបើកការបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្ររង លើមុខវិជ្ជាអចលនទ្រព្យជាលើកដំបូង ដើម្បីឲ្យមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ច្រឹក សុខនីម អញ្ជើញចូលរួមក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ផែនការសមគមសម្រាប់អាណត្ដិថ្មី និងការងើបឡើងវិញនៃវិស័យអចលនទ្រព្យ»។
លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា នឹងចាប់អនុវត្ដនៅឆ្នាំ២០២១នេះ បើកវគ្គបរិញ្ញាបត្ររង មុខវិជ្ជាអចលនទ្រព្យ ដើម្បីបម្រើជូននូវសេវាកម្ម ឲ្យអ្នកដែលមានជំនាញ នៅក្នុងវិស័យអចលនទ្រព្យ កាន់តែច្រើនទៅៗ ដើម្បីមានការប្រកួតប្រជែង»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា រយៈពេលជាង២០ឆ្នាំនេះ ធ្វើតាមតំណ «ចេះតាមត តំណតាមថា» មិនទាន់កម្រិតស្ដង់ដារមួយ ដែលទទួលស្គាល់ ជាលក្ខណៈជាតិ នៅឡើយនោះទេ។
លោក ច្រឹក សុខនីម បានបន្ថែមថា កម្ពុជាមិនទាន់មានសាលារៀន អចលនទ្រព្យនៅឡើយទេ បើធៀបនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ហើយពេលនេះ គឺជាចំណុចចាប់ផ្ដើម ទោះបីជាជួបបញ្ហាខ្លះក៏ដោយ ចាំកែតម្រូវនៅពេលក្រោយទៀត។
ជាមួយគ្នានោះ លោក ច្រឹក សុខនីម ក៏បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យ បើយើងមិនមានការអប់រំ ជំនាញច្បាស់លាស់នោះទេ វាអាចប្រឈមហានិភ័យច្រើន ទាំងអ្នកលក់ និងអ្នកទិញ ដូច្នេះយើងគួរតែមានកម្រិតការអប់រំ ប្រកបដោយវិជ្ជាជីវៈ។
លោក ច្រឹក សុខនីម បានឲ្យដឹងទៀតថា នៅពេលដែលមានការអប់រំ លើជំនាញអចលនទ្រព្យនេះច្បាស់លាស់ យើងនឹងទទួលបាន អ្នកដែលរកស៊ីលើវិស័យនេះ ប្រកបដោយក្របសីលធម៌វិជ្ជាជីវៈ និងមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដូច្នេះ រដ្ឋក៏មាន រាស្ដ្រក៏មាន៕