(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការ១ខ្នង ទំហំ១១គុណនឹងង៧,៧ម៉ែត្រ ស្ថិតនៅក្នុងសាលាបឋមសិក្សា ទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
លោក មួង ស៉ីថាន នាយកសាលាបឋមសិក្សាទក្សិណ បានឲ្យដឹងថា ដោយមានការឆ្លើយតបតាមសំណូមពររបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូជាពិសេសផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់មាន សភាពទ្រុឌទ្រោមបានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ ទើបលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដល់នូវអំណោយអគារទីចាត់ការថ្មី១ខ្នងនេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃរបស់លោកគ្រូអ្នកគ្រូ។
នាឱកាសនោះដែរលោក អ៊ុន ចាន់ដា បានជំរុញទៅដល់ក្រុមជាងឲ្យយកចិត្តទុកដាក់លើការងាររបស់ខ្លួនឲ្យត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទីចាត់រឹងមាំសម្រាប់បំពេញការងាររបស់លោកគ្រូអ្នកគ្រូ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកនាយកសាលាក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យជួយតាមដានលើការងារអនុវត្តរបស់ក្រុមជាងឲ្យបានជាប្រចាំផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាលាបឋមសិក្សាទក្សិណស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានអគារសិក្សា៣ខ្នង ស្មើនឹង១៥បន្ទប់ក្នុងនោះ២អគារកសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង១អគារទៀតជាអគារថ្មីកម្ពស់២ជាន់កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប (CREP) របស់សហគមន៍អឺរ៉ុប។ ក្រៅពីនោះក៏មានអគារទីចាត់ការ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ១កន្លែង ជាជំនួយរបស់អង្គការជប៉ុនកសាងនៅឆ្នាំ២០១៤ផងដែរ៕